ខេត្តកំពង់ស្ពឺ ៖ «ពិតណាស់យើងខំប្រឹងប្រែងដើម្បីអនាគតរបស់យើងរៀងៗខ្លួន តែដើម្បីប្រទេសជាតិ យើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា គ្រប់ៗគ្នា។»នេះជាការថ្លែងដោយ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា។
លោកមានប្រសាសន៍ថា,ដើម្បីសម្រេចក្តីស្រមៃ និងក្តីសង្ឃឹមរបស់ខ្លួន រៀងៗខ្លួន ចាំបាច់ណាស់យើងមិនត្រូវឲ្យបាត់បង់សុខសន្តិភាព និងសុខដុមរមនីយកម្មដែលកម្ពុជាកំពុងមាននោះទេ។ លោកថ្លែងក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។
លោកបន្តថា, តើសុខសន្តិភាពជាអ្វី? សន្តិភាពជាមូលដ្ឋានគ្រឹះដើម្បីខ្មែរទាំងអស់គ្នាមានឱកាសបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិទៅថ្ងៃមុខ។ នេះជារឿងមួយផ្នែក។ មួយផ្នែកទៀត ចេញពីសន្តិភាពនេះ កម្ពុជាមានឱកាសបន្តយកចិត្តទុកដាក់លើកិច្ចការការបរទេសនានា បន្តពង្រឹងទំនាក់ទំនងជាមួយពិភពលោក ឬត្រៀមខ្លួនបានកាន់តែប្រសើរដើម្បីទប់ស្កាត់ ផលជះនានា ដែលជះឥទ្ធិពលមិនល្អដល់កម្ពុជាយើង។ ជាងនេះទៅទៀត កត្តាសុខសន្តិភាពក៏បានផ្តល់ឲ្យយើងមានឱកាសបន្តពង្រឹងខឿនសន្តិសុខជាតិ ការពារជាតិ និងសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែប្រសើរផងដែរ ៕
ដោយ : សិលា