ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពមួកខៀវ៤៦នាក់ត្រឡប់មកមាតុប្រទេស​វិញ​​ដោយសុវត្ថិភាពបន្ទាប់បញ្ចប់​ការងារបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅប្រទេសម៉ាលី

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់​មាតុប្រទេស​វិញ​​ប្រកប​ដោយសុវត្ថិភាព ​បន្ទាប់ពីកង កម្លាំងទាំងនោះ ​បាន​បញ្ចប់​ការងារបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅប្រទេសម៉ាលី អស់រយៈពេល១ឆ្នាំ បានជោគជ័យ ។ ក្រុមកងទ័ពមួកខៀវទាំងនេះក៏បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេស​កំពុងជួបភ្លើង សង្គ្រាមបច្ចុប្បន្ន មានភាពពិបាកស្វែងរក្សាសុខសន្តិភាពរបស់គេមកវិញ។

ថ្លែងនៅក្នុងឱកាសអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកងកម្លាំងទ័ពមួក​ខៀវកម្ពុជា ​មកពីប្រទេសម៉ាលី ថ្លែងថា ​អស់រយៈពេល៨ឆ្នាំមកហើយ ​ដែលកម្ពុជា បានបញ្ជូន​កងកម្លាំងទ័ពមួកខៀវប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUN​នៅប្រទេសម៉ាលី ហើយ​រហូត​មកដល់​ពេលនេះ​ ស្ថានភាពជម្លោះសង្គ្រាម​នៅប្រទេសម៉ាលី​នៅមិនទាន់មានភាព​ធូរស្រាល​វិញ​ទាំង​ស្រុងនោះទេ​ ហើយស្ថានភាពការរស់នៅពលរដ្ឋម៉ាលីកំពុង​ជួប​ប្រឈមការលំបាកដូចជា ការគ្មានផ្ទះសំបែងជំរុំរកស្នាក់នៅពិតប្រាកដ ​ជួបបញ្ហាកង្វះខាតស្បៀង អាហារ ជំងឺឈឺស្លាប់គ្មានថ្នាំ​សង្កូវព្យាបាល ​វិស័យធនធានមនុស្សធ្លាក់ចុះ សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវបាន​បំផ្លាញ​ជាដើម ហើយ​ពលរដ្ឋម៉ាលី​កំពុង​ដង្ហើយ​ហៅ​រកមជ្ឈដ្ឋាន​អន្តរជាតិ​ជួយពន្លត់ភ្លើងសង្គ្រាមនេះ។

ថ្លែងក្នុងឱកាសទទួលដំណើរកងកម្លាំងមួកខៀវលោកស្រីឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយក​រង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាពកម្ពុជា ថ្លែងថា ​អនុវត្ត​គោលការណ៍​អង្គការ​សហប្រជាជាតិ UN កម្ពុជា​តែងតែ​ធ្វើការ​បញ្ជូនកងកម្លាំងថែរក្សាសន្តិភាព​ប្តូរវេនរៀងរាល់ ១ឆ្នាំម្តង​ពីកម្ពុជាទៅកាន់​ប្រទេសម៉ាលីចំនួន២៧៣នាក់ ទៅមករៀងរាល់ឆ្នាំ ហើយការធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា​វិញ​ចំនួន៤៦រូប គឺកង​ចុងក្រោយ ​បន្ទាប់ពីគេបានបញ្ចប់បេសកកម្មដោយជោគជ័យ​រយៈពេល១ឆ្នាំនៅ​ប្រទេសម៉ាលី។

យ៉ាងណាក៏ដោយ លោកស្រី ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងការកោត​សរសើរ​កង​កម្លាំងមួកខៀវ​កម្ពុជា ​ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពUN ​នៅប្រទេសម៉ាលី នៅក្នុងតំបន់សង្គ្រាម មាន​ព្យុះខ្សាច់សាហារ៉ា នៅក្នុងកំដៅអាកាសធាតុ ៥៣អង្សាសេ ​ធ្វើការបោសសំអាតមីន គ្រឿង​បំផ្ទុះដាក់កង្កៃ ដើម្បីការពាររថយន្តដឹកស្បៀងអាហារ ​និង​ការពារក្បួនធ្វើដំណើរតាមផ្លូវអាកាស និង​តាមផ្លូវគោគនានាទៀតរបស់UN៕

ដោយ៖ សូរិយា


ចែករំលែក៖