ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិចាប់ខ្លួនជនសង្ស័យ២នាក់ដែលបានផ្លោះរបងចូលផ្ទះលួចទ្រព្យសម្បត្តិ ប្រគល់ជូននគរបាលខណ្ឌប្ញស្សីកែវចាត់ការបន្ត

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានអ្នកភូមិនាំគ្នាព័ទ្ឋចាប់ ខណៈដែលបានផ្លោះរបងចូលផ្ទះលួចទ្រព្យសម្បត្តិ ហើយប្រគល់ជូននគរបាលខណ្ឌប្ញស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធី កាលពីវេលាម៉ោង៣៖០៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះជួល តាមផ្លូវបេតុង ក្នុងក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ 

    លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សយ ដាណេត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មានមុខរបរលក់ដូរ។

    ចំណែកជនសង្ស័យទាំង២នាក់នេះ មាន ៖ ១-ឈ្មោះ ដា សុខ្លី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។

២-ឈ្មោះ ក្រៃ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

    បើតាមសមត្ដកិច្ចបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំង០២នាក់បានផ្លោះរបងចូលទៅក្នុងទីតាំងផ្ទះជួលខាងលើ ខណៈពេលភ្លើងកំពុងដាច់ បម្រុងលួចយកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងឃើញទាន់ក៏ស្រែកផ្អើលឆោឡោនាំគ្នាព័ទ្ឋចាប់ ហើយសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ចុះមកឃាត់ខ្លួនបានទាំ០២នាក់តែម្តង។ 

    ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានចូលផ្ទះជនរងគ្រោះប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រាកដមែន។

   បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖