ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនចាត់វិធានការដើម្បីសងសឹកប្រទេសនានាដែលរឹតបន្តឹងពីការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចិន

ចែករំលែក៖

ស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូងបានផ្អាកជាបណ្ដោះអាសន្ននូវការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ពលរដ្ឋកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការរឹតបន្តឹងការដាក់ឱ្យធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរចិន។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សេចក្តីជូនដំណឹងរបស់ស្ថានទូតចិននៅលើគណនី WeChat របស់ខ្លួនកាលពីថ្ងៃទី១០ខែមករា ស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូងបានផ្អាកទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកទេសចរកូរ៉េខាងត្បូង។
ស្ថានទូតចិននឹងកែសម្រួលគោលនយោបាយរបស់ខ្លួន អាស្រ័យលើថា តើកូរ៉េខាងត្បូងដក “ការរឹតបន្តឹងការចូលដោយរើសអើង” ប្រឆាំងនឹងជនជាតិចិនដែរឬទេ។ នេះត្រូវបានគេចាត់ទុកថាជាការសងសឹកលើកដំបូងរបស់ចិនប្រឆាំងនឹងប្រទេសដែលដាក់វិធានការដាក់ឱ្យនៅដាច់ដោយឡែកពីកូវីដ-១៩ លើអ្នកធ្វើដំណើរមកពីប្រទេសចិន។
ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិន Qin Gang និងសមភាគីកូរ៉េខាងត្បូងលោក Park Jin ពាក់ព័ន្ធនឹងភ្ញៀវទេសចរចិន។ លោកPark បានប្រាប់លោក Qin ថា កូរ៉េខាងត្បូងបានធ្វើការសម្រេចចិត្តដោយផ្អែកលើវិទ្យាសាស្ត្រ ហើយបានស្នើឱ្យភាគីចិនសហការដើម្បីជួយរក្សាស្ថិរភាពស្ថានភាព COVID-19 នៅក្នុងប្រទេសទាំងពីរ។ នេះបើយោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង។
ចាប់តាំងពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមតម្រូវឱ្យអ្នកទេសចរមកពីប្រទេសចិនបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ឬការធ្វើតេស្តអង់ទីហ្សែន
រហ័សដែលធ្វើឡើងក្នុងរយៈពេល 24 ម៉ោងមុនពេលចូល។ ការចេញទិដ្ឋាការរយៈពេលខ្លីដល់ជនជាតិចិនត្រូវបានផ្អាករហូតដល់ចុងខែ៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖