ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ណែនាំសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាត នូវសកម្មភាពទាំងឡាយណា អាចជាប់ពាក់ព័ន្ធការលាងសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានាជាធរមាន។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខ្ញុំ ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើ សកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីចៀសផុតពីការដាក់ឱ្យកម្ពុជាបន្តនៅក្នុងបញ្ជីប្រផេះ ដែលផ្តល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម»។

លើសពីនេះ សម្ដេចក្រឡាហោម ស្នើដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងចូលរួមដោយស្មោះជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់ បទល្មើសកាប់បំផ្លាញព្រៃឈើ និងការនេសាទខុសច្បាប់ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើបន្ថែមដល់អង្គការសង្គមស៊ីវិលទាំងអស់ ត្រូវប្រកាន់យកនូវជំហរអព្យាក្រឹត្យចំពោះគ្រប់គណបក្សនយោបាយ និងលើកទឹកចិត្តឱ្យចូលរួម នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ដូចជា ការអប់រំសាធារណៈជនអំពីការបោះឆ្នោត ការចូលរួមអង្កេតការណ៍នៅពេលបោះឆ្នោត ជាដើម៕

ដោយ ៖ សហការី


ចែករំលែក៖