ភ្នំពេញ ៖ រយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្សព្វ ផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។
ទិន្នន័យដដែលនេះបានបញ្ជាក់ថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២ លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលតម្លៃ ១៩ ៣០៨ លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩ ៩៤១ លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើន ឡើង ៥២ ៤២៤លានដុល្លារ កើនឡើង ៩.២%។
អាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាង ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈវៀតណាម ស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបានចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងនាំចេញទៅចិន ក្នុងតម្លៃជាង ១២០០លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដឹងដែរថា កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ , ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជិត ២ពាន់លានដុល្លារ កើនឡើង ៨៤.៨%, គ្រាប់ធញ្ញជាតិចំនួនជាង ១២០០លានដុល្លារ ថយចុះ៣.៧% និងស្បែកជើងចំនួន ១៧០០លានដុល្លារ កើនឡើង២៤.៨%។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងកាលពីពេលថ្មីៗនេះថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីដើមខែធ្នូឆ្នាំ២០២២នោះ បានជំរុញទំហំនៃការនាំចេញរបស់កម្ពុជាទៅកូរ៉េ នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ដំណើរជាដើម ដែលត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។
លោករដ្ឋលេខាធិការរំពឹងថា កិច្ចព្រមព្រមទាំងបីនេះនឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រីកនូវការផលិតកម្ម ទាក់ទាញវិនិយោគិន និងជំរុញការនាំចេញទំនិញនៅក្នុងឆ្នាំក្រោយឱ្យកើនឡើងបន្ថែមទៀត៕
ដោយ៖ សូរិយា