ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីចុះចាប់ត្រីក្នុងអាងខ្វះការប្រុងប្រយ័ត្នប៉ះចំខ្សែភ្លើងដាច់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីចុះចាប់ត្រីក្នុងអាងខ្វះការប្រុងប្រយ័ត្នប៉ះចំខ្សែភ្លើងដាច់។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្នុងក្រុមទី១០ ភូមិតាហុី ឃុំព្រៃខ្ពស់ ស្រុកបវេល  ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ សាន​ ជូ​ ភេទប្រុស​ អាយ​១៨ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី ឈ្មោះ តា សំ​ ភេទប្រុស, ឈ្មោះ រីឆាត, ឈ្មោះ ពុំ​  សំណាង​ ភេទប្រុស (សព)និងរូបខ្លួន បានចុះចាប់ត្រីក្នុងអាងក្រោយរោងម៉ាសុីន បានមួយសន្ទុះស្រាប់តែឈ្មោះ ពុំ សំណាង ហៅវែង (សព)ត្រូវខ្សែភ្លើងឆក់ដួលទៅក្នុងទឹក ពេលនោះ តា សំ ក៏បានរត់ទៅបិទកុងតាក់ភ្លើង ហើយរូបខ្លួនក៏ស្ទុះទៅចាប់ទាញជនរងគ្រោះតែទាញមិនរួច ហើយក៏បាននាំគ្នាចុះទៅលើកជនរងគ្រោះយកទៅមណ្ឌលសុខភាពព្រៃខ្ពស់ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

   តាមការពិនិត្យរបស់មន្ត្រីជំនាញនិង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះខាងលើគឺស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន។

   ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖