ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករង្វង់មូលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ខណៈមេឃកំពុងតែភ្លៀងផង​ និងមិនប្រយ័ត្នផង​ ក៏ជ្រុលទៅបុករង្វង់មូលដែលទើបតែសាងសង់មិនមានសញ្ញាចំណាំង​ ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ កាលពីវេលាម៉ោង១០យប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣​ ត្រង់ចំណុចរង្វង់មូលជិតគល់ស្ពានអាកាសជម្ពូវ័ន តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះហៅផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

      ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញានោះទេ​ ដោយ ស្លៀកពាក់អាវយឺតពណ៌ខ្មៅស្លៀកខោកាប៊ូយ ពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាត់តាពណ៌ដី សម្បុរសល្មមកម្ពស់ប្រហែល១,៧០ម៉ែត្រ ជិះម៉ូតូម៉ាកឌ្រីម សេ125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JO.4144 ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃើញបុរសជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូង យ៉ាងលឿនក៏បានជ្រុលទៅបុកខឿនថ្មរង្វង់មូលដែលគេសាងសង់មិនទាន់រួចមិនទាន់មានភ្លើងបំភ្លឺ ផ្លូវមិនទាន់មានចំណាំងផ្លាត គួបផ្សំមេឃកំពុងតែភ្លៀងនិងងងឹតផងនោះបណ្ដាលឱ្យ បែកមួកសុវត្តិភាពបែកក្បាលបាក់ករស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ ចំណែកឯម៉ូតូគឺបាក់កង់ខាងមុខខ្ទេចយ៉ាងដំណំ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​បណ្ដោះអាសន្ន​ ។ ចំណែកឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី​នាពេលក្រោយ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖