ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ហេតុអ្វីត្រូវការកែទម្រង់? តើការកែទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ?

ចែករំលែក៖

ភ្នំពេញ ៖ ហេតុអ្វីត្រូវការកែទម្រង់? តើការកែទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ? នេះជាការលើកឡើង ពី លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ 

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា, ថ្ងៃនេះនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ខ្ញុំសូមលើកយកជ្រុងមួយនៃការកែទម្រង់ក្នុងបរិបទកម្ពុជាមិនថាក្នុងវិស័យអប់រំ ឬវិស័យកសិកម្ម ឬវិស័យណានោះទេ ទាំងផែនការ ទាំងវិធីសាស្ត្រ ទាំងបច្ចេកទេសរៀន និងបង្រៀន រួមទាំងមាតិកានៃមេរៀនផងដែរ។ កត្តាមួយ ក្នុងកត្តាជាច្រើនដែលទាមទារឲ្យមានការកែទម្រង់នោះ មិនមែនបានន័យថាអ្វីដែលយើងធ្វើកន្លងមកមិនល្អនោះទេ កម្ពុជាបានធ្វើកិច្ចការល្អច្រើនណាស់ តែយើងមានមហិច្ឆតាចំពោះជាតិ និងប្រជាជន លើសនេះទៅទៀត ហើយយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កត្តាមួយនោះគឺជា ការឆ្ពោះទៅមុខរបស់កម្ពុជាក្នុងកាលៈទេសៈនៃការវិវឌ្ឍសង្គមសេដ្ឋកិច្ចសាកល ទាំងចំណេះជំនាញក្នុងសតវត្សទី២១ផង ទាំងដំណាក់កាលនៃសាកលភាវូបនីយកម្មផង ទាំងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ផង និងដើម្បីតម្រូវឲ្យសមស្របជាមួយទីផ្សារការងារ និងសេដ្ឋកិច្ចជាសាកលផង។ 

លោកថ្លែងទៀតថា ,ដូច្នេះ រាល់ការចូលរួម និងគាំទ្រក្នុងដំណើរការកែទម្រង់ពិតជាមានសារៈសំខាន់។ ប្រសិនបើយើងមិនមានការកែសម្រួល ឬកែទម្រង់ទេនោះ យើងប្រាកដណាស់នឹងអាចរត់ក្រោយគេ ឬតាមមិនទាន់ស្ថានការណ៍នៃដំណើរទៅមុខរបស់សង្គមសាកល ដែលទាមទារជារៀងរាល់ថ្ងៃ ហើយទាំងនេះក៏ទាមទារឲ្យយើងទាំងអស់គ្នាកាន់តែខិតខំប្រឹងប្រែងធ្វើវឌ្ឍនភាពខ្លួនឯងបន្ថែមទៀតផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖