ភ្នំពេញ៖ តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា អម្ពិល (Tamarind) មានដើមខ្ពស់បែកមែកសាខា កម្ពស់៨-២៥ម។ ដើម និងមែកស្វិតមិនងាយបាក់ទោះបីជា មែកតូចក៏ដោយ។ ស្លឹករួមស្និតគូ កូនស្លឹកមាន១០-១៨គូ។ ផ្កាផ្គុំជាចង្កោម នៅចុងមែក ផ្កាពណ៌លឿងខ្ចីលាយក្រហមឬស៊ីជម្ពូ។ ត្របកផ្កា៤ ជាប់គ្នានៅផ្នែកក្រោម។ ស្រទាប់ផ្កា៥ មាន៣រាងធំលើតូចក្រោម និង២ទៀត តូចដូចស្រកា។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា កេសរឈ្មោល៣ កេសរឥតផលតូចៗមាននៅគល់ទង កេសរឈ្មោល។ កេសរញីមូលវែង មានរោម។ ផ្លែមូលវែង ៥-១៥ x ១-២,៥ស.ម ត្រង់ឬកោង សម្បកក្រៅ រឹងពណ៌ត្នោត។ ផ្លែទុំ មានសាច់ក្នុងក្រាស់ទន់ហើយមានជាតិជូរ។ គ្រាប់តិចឬច្រើន៣-១៤ សំប៉ែតឬប៉ោង ១៥ x ១០ម.ម ពណ៌ខ្មៅរលោង។
– លក្ខណៈជីវសាស្ត្រ៖ រសជាតិជូរ បន្តពូជដោយគ្រាប់។
– លក្ខណៈអេកូឡូស៊ី ៖ ដុះនៅគ្រប់ស្ថានភាពដីនៅតំបន់ក្ដៅ។
*ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស៖ ស្លឹកខ្ចីនិងផ្លែ ប្រើសម្រាប់ធ្វើគ្រឿងទេសជូរ។
_ ឱសថ៖ ស្លឹកស្ងោរត្រាំព្យាបាលជំងឺរមាស់ជើង។
ស្ងោរសម្បកផឹកព្យាបាលរាក។
លីងគ្រាប់យកសម្បក(គ្រាប់) បុកឱ្យម៉ត់ លាយជាមួយទឹកក្តៅ ព្យាបាលរាកមួល។
ផ្សេងៗ៖ គ្រាប់លីង យកធ្វើបង្អែមបាន៕
ដោយ៖សហការី