ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា បន្តចរចាលើលទ្ធភាពស្នើសុំឱ្យភាគីអេមីរ៉ាតអារ៉ាប់រួម បើកច្រកទីផ្សារបន្ថែម

ចែករំលែក៖

ភ្នំពេញ​៖​ ប្រទេស​កម្ពុជា បន្តចរចាលើលទ្ធភាពស្នើសុំឱ្យភាគីអេមីរ៉ាតអារ៉ាប់រួម បើកច្រកទីផ្សារបន្ថែមលើ វិស័យកសិកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ខណៈប្រទេសនេះ ជាដៃគូពាណិជ្ជកម្មឈាន មុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧ភាគរយ នៃទំហំ ពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ព័ត៌មាន​កម្ពុជា​ បានឱ្យដឹងកាលពីថ្ងៃទី១០​ ខែមករា​ម្សិលមិញ។ 

ក្នុងកិច្ចប្រជុំអន្តរក្រសួង ពិគ្រោះយោបល់លើការចរចាជំពូកស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ថ្មីៗ​នេះ​ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងនេះ ដែលបានប្រព្រឹត្តទៅចំនួន០២ជុំ រួចមកហើយ ដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់។

អង្គប្រជុំ ក៏បានពិភាក្សាលើលទ្ធភាពរបស់កម្ពុជាក្នុងការផ្តល់ឱ្យតាមការស្នើសុំរបស់ ភាគីអេមីរ៉ាតអារ៉ាប់រួម និងការស្នើអ្វីបន្ថែមពីលើការផ្តល់ឱ្យរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម ពាក់ព័ន្ធនឹងការបើកច្រកទីផ្សារ (Market Access) និងប្រព្រឹត្តកម្មជាតិ (National Treatment) ចំពោះវិស័យ/អនុវិស័យសំខាន់ៗរួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល វិស្វកម្មសំណង់ស៊ីវិល ទេសចរណ៍ ការដឹកជញ្ជូន និងការស្រាវជ្រាវជាដើម។

ចំពោះការវិភាគសម្រាប់ការបើកច្រកទីផ្សារសេវា ត្រូវផ្អែកជាមូលដ្ឋានលើកត្តាមួយ ចំនួនរួមមាន៖ សមត្ថភាពឧស្សាហកម្មក្នុងស្រុក, សក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត, តម្រូវការចំាបាច់, មិនមានផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ឬប៉ះពាល់តិចតួចបំផុត បើប្រៀបធៀបនឹងការបើកវិស័យ/អនុវិស័យដទៃ។ល។

បន្ថែមពីនេះ លោកស្រី​រដ្ឋលេខាធិការ​ បានលើកឡើងថា ការចរចា ពាណិជ្ជកម្មសេវា កម្មមានសារៈសំខាន់ សម្រាប់ឧត្តមប្រយោជន៍សេដ្ឋកិច្ចជាតិ និងសំណូមពរឱ្យមានការចូលរួម ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធតាមវិស័យ ក្នុងកិច្ចពិគ្រោះយោបល់ នឹងផ្តល់ធាតុចូល ក៏ដូចជា លើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីឱ្យក្រុមមន្ត្រីចរចាអន្តរក្រសួង យល់ច្បាស់ពីតម្រូវ ការធានាការទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងការពង្រឹកសមត្ថភាព ឧស្សាហកម្ម ក្នុងស្រុក សម្រាប់ពាណិជ្ជករ ធុរជន និងវិនិយោគិនកម្ពុជា។

សូមជម្រាបជូនថា​ កន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ក្នុងកិច្ច ប្រជុំប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេ របស់កម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧ភាគរយ នៃទំហំ ពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។ រយៈពេល ០៨ខែ ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគី សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះ កិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញភាពរីកចម្រើននៃទំនាក់ទំនង ពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ តាមរយៈការបើកទីផ្សារឱ្យទូលំទូលាយ ការបង្កើត កាលានុវត្តភាពសម្រាប់ការវិនិយោគ និងបង្កើនបរិយាកាសសេរីភាវូបនីយកម្ម លើវិស័យ សំខាន់ៗផ្សេងទៀត ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម កន្លងទៅបាន និងកំពុងចរចាកិច្ចព្រម ព្រៀង ថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែល អង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយ ដែលយើងរំពឹងថា នឹងពង្រីកនូវសក្តានុពល ទីផ្សារថ្មី នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើង សង្ឈឹមថានឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕

ដោយ​៖សហការី​


ចែករំលែក៖