ខេត្តត្បូងឃ្មុំ៖ មេធាវីគណបក្សប្រជាជនខេត្តត្បូងឃ្មុំបាន សម្រេចប្ដឹងទីប្រឹក្សាគណបក្សភ្លើងទៀនលោក គង់ គាំ ទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ។ ការប្ដឹងនេះគឺដោយអះអាងថាលោក គង់ គាំ បានថ្លែងក្នុងវេទិកា សាធារណៈមួយក្នុងខេត្តដែលថា បានបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយ និងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។
បណ្ដឹងចុះថ្ងៃទី១០ខែមករា ឆ្នាំ២០២៣ សហមេធាវី ៣នាក់របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ លោក ហេង ចាន់វាសនា,លោក ឈាង សោភ័ណ និងលោក ឡុក គឹមសាង បានស្នើដល់ព្រះរាជអាជ្ញាសាលា ដំបូងខេត្តត្បូងឃ្មុំឱ្យពិនិត្យចោទ ប្រកាន់ និងផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតលើលោក គង់ គាំ និងបង្គាប់ឱ្យលោក គង់ គាំ បង់លុយ៥០ម៉ឺនដុល្លារទៅកាន់គណៈ កម្មការធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។
ក្នុងលិខិតនោះបានលើកឡើងសំណេរដ៏វែងមួយដែលបានដកស្រង់ចេញពីវេទិការសាធារណៈមួយក្នុងពេលដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀនខេត្តត្បូង ឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករា ដែលលោក គង់ គាំ បានលើកឈ្មោះ និងវាយប្រហារលើគណបក្សប្រជាជនថា «គណបក្ស ប្រជាជនប្រហែលគេនាំគ្នារំលឹកថ្ងៃកំណើតរបស់គេដែរហើយ» «នំប្រភពឯជើងន៎ ឆ្ងាយ កើត ហើយអ្នកដាំគេដុះពុកមាត់បរទេស» ។ល។
មេធាវីគណបក្សប្រជាជនលើកឡើងថា សំដីរបស់លោក គង់ គាំ ពិតជាបានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណង ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម ដែលជាការបំពានលើ មាត្រា ៦-ថ្មី (ពីរ) នៃច្បាប់ស្តីពីវិសោធន កម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤២ នៃ ច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤៩៤ មាត្រា ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ សូរិយា