ខេត្តបន្ទាយមានជ័យ ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរចំពោះនិស្សិតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការកសាងអនាគត ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល។ ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្សរបស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បនថ្លែងថា ការបញ្ចប់ការសិក្សាដោយជោគជ័យតាមរយៈការទទួលបានសញ្ញាបត្រដូចពេលនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលម្នាក់ៗ ជាអាទិ៍៖
(១) ការពង្រឹងអំណាចម្ចាស់ការលើខ្លួនឯង ពីព្រោះចំណេះដឹងជាកម្លាំងចលករ ដែលអាចប្រែក្លាយគំនិតឱ្យទៅជាការពិត ព្រមទាំងផ្តល់លទ្ធភាពក្នុងការជួយឱ្យសម្រេចនូវសុបិន្តរបស់ខ្លួន ជាពិសេសចំណេះដឹងអាចបង្កើតជាមូលដ្ឋាននៃឯករាជ្យភាព និងសេរីភាពលើការសម្រេចចិត្ត និងជាប្រភពនៃភាពក្លាហាន និងជំនឿទុកចិត្តលើខ្លួនឯង, ។
(២) ជាមូលដ្ឋានសម្រាប់ឈានទៅការបន្តអភិវឌ្ឍសមត្ថភាពឱ្យមានកម្រិតកើនឡើងថែមទៀត ដោយហេតុថា ការណ៍ដែលមានចំណេះដឹងកាន់តែច្រើន និងគុណវុឌ្ឍកាន់តែខ្ពស់ អាចជួយបង្កើនឱ្យកាន់តែមានភាពបត់បែនក្នុងការចាប់យកជំនាញថ្មី (Reskilling) និងធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗ។
ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល, ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានពុះពារច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀននិស្សិតតាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតអាចសិក្សារៀនសូត្រដោយគ្មានការអាក់ខានក្នុងរយៈកាលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ជាមួយគ្នានេះ សូមអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានផ្ដល់អាហារូបករណ៍ជូនដល់ សម្ដេចតេជោនាយរដ្ឋមន្រ្តី និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះ សរុបចំនួន ១០០ នាក់ ដែលនេះ គឺជាទឹកចិត្ត និងកាយវិការប្រកបដោយធម៌សប្បុរសថ្លៃថ្លានៅក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
ដោយ ៖ សហការី