ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈអាជ្ញាធរបើកទ្វារទឹករលាំងជ្រៃ រំដោះទឹកចេញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈអាជ្ញាធរបើកទ្វារទឹករលាំងជ្រៃ រំដោះទឹក ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ការបើកទ្វារទឹករលាំងជ្រៃ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ។ 

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តា ជ្រាបថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹក នៃទ្វារទឹករលាំងជ្រៃ ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យ អាជ្ញាធរបើកទ្វារទឹកចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។

ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំ ទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖