ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបីគ្រឿងបុកតកន្ទុយគ្នា​ បណ្ដាលឱ្យខូចខាតយ៉ាងដំណាំនិងស្ត្រីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាក​ ALPHARD មួយគ្រឿងបានធ្វេីដំណេីរយ៉ាងលឿនជ្រុលទៅបុករថយន្តពីរគ្រឿងបន្តកន្ទុយគ្នា​ ខណៈកំពុងឈប់ស្តុបពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងបីគ្រឿងយ៉ាងដំណំ​ ព្រមទាំងធ្វេីឱ្យស្ត្រីវ័យចំណាស់ម្នាក់រងរបួសបាក់ក្ដោងច្រមុះបញ្ជូនទៅសង្គ្រោះភ្លាមៗ  កាលពីវេលាម៉ោង១០​ និង១០នាទីយប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ ត្រង់ចំណុចស្តុបស្ពានអាកាស៥មករា​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ 

    បេីតាមប្រភពពីម្ចាស់រថយន្តម៉ាកTS EVG​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BT-1861​ បានប្រាប់ថា​ គាត់បានធ្វើដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើបានឈប់ស្តុបក្រហម​ និងមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក​ ម៉ាស្ដា​ BT-50​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BM-1224បើកដោយបុរសវ័យចំណាស់ម្នាក់រួមដំណើរនិងប្រពន្ធស្របមកពីក្រោយបានឈប់ស្តុបដូចគ្នារង់ចាំភ្លើងខៀវនិងបត់ឆ្វេង​ ។ ខណៈពេលនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ2BA -2222 ធ្វើដំណើរមកពីក្រោយស្របគ្នាយ៉ាងលឿន​ និងខ្វះការប្រុងប្រយ័ត្នជ្រុលមកបុកចំពីក្រោយរថយន្តម៉ាស្ដា​ BT-50ពេញទំហឹងនិងរុញបន្តទៅបុករថយន្តមួយគ្រឿងទៀតនៅខាងមុខ​ បណ្ដាលឱ្យរងការខូចខាតទាំងបីគ្រឿង​ ដោយរថយន្តបង្កខូចខាតខ្លាំងជាងគេមួយកំណាត់មុខស្ទើរទាំងស្រុងព្រមទាំងធ្វេីឱ្យស្ត្រីវ័យចំណាស់ម្នាក់ដែលរួមដំណើរជាមួយប្ដីរងរបួសបាក់ក្ដោងច្រមុះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។

     ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក​ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

IMG_7900 IMG_7901 IMG_7897 IMG_7902

ដោយ​ ៖​ ភារ៉ា ដង្កោ


ចែករំលែក៖