ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា៖ ថ្ងៃនេះស.ស.យ.ក. បានពង្រឹងសកម្មភាពរបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែប្រសើរលើវិថីឌីជីថល។
លោកបន្តថា៖ ខ្ញុំសង្ឃឹម និងជឿជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងស.ស.យ.ក. និងក្រុមហ៊ុន អ៊ីហ្ស៊ីខម លើកិច្ចសហប្រតិបត្តិការឌីជីថល នឹងក្លាយជាជំហានមួយបន្ថែមទៀត ក្នុងការបង្កើនទាំងបរិមាណ ទាំងគុណភាព និងប្រសិទ្ធភាពនៃបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធី និងវេទិកានានារបស់ស.ស.យ.ក. សម្រាប់យុវជនកម្ពុជា និងប្រជាជនកម្ពុជា ឲ្យមានឱកាសចូលរួមធ្វើសកម្មភាពដើម្បីសង្គម កិច្ចការងារស័្មគ្រចិត្ត ឬ មនុស្សធម៌។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពនានានៃវេទិកាទាំងនោះ នឹងស្ពានគាំទ្រយុវជនអោយចាប់យកជំនាញថ្មីនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បច្ចេកវិទ្យា និងការច្នៃប្រឌិត លើកកម្ពស់ការងារសង្គម ការងារមនុស្សធម៌ និងការងារស្ម័គ្រចិត្ត រួមទាំងចូលរួមជំរុញបច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា អោយកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគ និងតម្រូវការទីផ្សារការងារជាក់ស្តែង។
កម្ពុជា រៀបចំកិច្ចការងារជាច្រើនលើបរិបទសេដ្ឋកិច្ចឌីជីថលដែលតម្រូវឲ្យមានការសហការពីគ្រប់បណ្តាស្ថាប័ន ដៃគូពាក់ព័ន្ធទាំងអស់ លើការអភិវឌ្ឍចំណេះ ជំនាញ ការឧបត្ថម្ភគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា វិធីសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធជាច្រើន។ លើកិច្ចការនេះ កម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាស្ថាប័នគ្រប់ភាគីទាំងអស់ បាននិងកំពុងសហការគ្នា ដើរក្នុងផ្លូវដ៏ត្រឹមត្រូវមួយឆ្ពោះទៅកាន់អនាគតតែមួយរួមគ្នា ដូចមានជាសក្ខីភាពនៅថ្ងៃនេះស្រាប់។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា៖ ជំនួសមុខឲ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នកឧកញ្ញ៉ាគិត ម៉េង ក៏ដូចជាក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបទាំងមូល ដែលជានិច្ចកាល បានចូលរួមជាមួយគ្នាក្នុងដំណើរ ដែលស្របជាមួយបេសកកម្មរបស់ស.ស.យ.ក. ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា លើគ្រប់វិស័យតាមរយៈប្រព័ន្ធឌីជីថល ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងបោះជំហ៊ានយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតកម្ពុជាក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល និងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ៕
ដោយ ៖ សហការី