មកទល់ពេលនេះក្រុមជួយសង្គ្រោះរកមិនឃើញអ្នកនៅមានជីវិតនោះឡើយក្នុងហេតុការណ៍រគ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងប្រទេសនេប៉ាល់ ដោយក្នុងចំណោមអ្នកដំណើរនិងក្រុមអាកាសយានិក៧២នាក់ទើបតែរកឃើញសាកសព៤២នាក់ប៉ុណ្ណោះ ហើយក្នុងនោះមានកុមារ៦នាក់។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា យន្តហោះមួយគ្រឿងដែលមានផ្ទុកមនុស្សសរុបចំនួន៧២នាក់បានធ្លាក់នៅឯប្រទេសនេប៉ាល់ នាថ្ងៃអាទិត្យនេះ ហើយភ្លាមៗមិនទាន់ច្បាស់ថា មានអ្នកដែលបានរួចរស់ជីវិតពីហេតុការណ៍នេះដែរឬយ៉ាងណានៅឡើយទេ ខណៈដែលសាកសពមនុស្សមួយចំនួនត្រូវយកបានពីក្នុងយន្តហោះ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines បានឱ្យដឹងថា មានអ្នកដំណើរ៦៨នាក់ និងក្រុមសហសេវិក៤នាក់នៅលើយន្តហោះនោះ ហើយប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ។ ភ្លាមៗបែបនេះ គេមិនទាន់ច្បាស់ថា មានអ្នកនៅរស់រានមានជីវិតដែរឬក៏អត់នោះឡើយ បន្ទាប់ពីយន្តហោះខាងលើប្រភេទ ATR 72 បានធ្លាក់នៅចន្លោះអាកាសយានដ្ឋាន ប៉ូខារ៉ា (Pokhara) ចាស់ ហើយនិងអាកាសយានដ្ឋានថ្មី ស្ថិតនៅភាគកណ្តាលប្រទេសនេប៉ាល់។
យោងតាមអាជ្ញាធរនេប៉ាល់បានឱ្យដឹងថា ជាបឋមសាកសពមនុស្សសរុបចំនួន១៦នាក់ត្រូវយកចេញមកបានពីក្នុងយន្តហោះ។ ដោយឡែក កាលពីខែឧសភា ឆ្នាំ២០២២ មនុស្ស២២នាក់បានបាត់បង់ជីវិតទាំងអស់ នៅពេលយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍នេប៉ាល់ Tara Air បានធ្លាក់៕ ដោយ៖ ធីរីណា
រូបថត ៖ saostar.vn