ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជាប្រចាំគាំងបេះដូងស្លាប់នៅកន្លែងបុណ្យសពអ្នកភូមិ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលអ្នកភូមិដឹងនិងស្គាល់ថា ជាមនុស្សញៀនផឹកស្រាជាប្រចាំ រហូតដាច់អាហារស្ទើរជាប្រចាំនោះបណ្ដាលឱ្យគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៥ និង៤០នាទីព្រឹក ថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ឆ្លងតាមការបំភ្លឺពីឈ្មោះ គឹម ស្តើង  ភេទប្រុស អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា÷កូនរបស់ខ្លួនឈ្មោះ ស្តើង ចាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាមនុស្សញៀនផឹកស្រាជាប្រចាំ ហើយពេលផឹកគឺមិនដែលហូបអ្វីទេហើយតែងដើរដេកតាមផ្លូវផងដែរ។ រហូតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ជាង កូនរបស់ខ្លួនបានទៅជួយលើកតុ លើករោងបុណ្យសពគេក្នុងភូមិ ហើយពេលលើករួចម៉ោងប្រហែល១៧ជាង កូនគាត់បានទៅកំដរបុណ្យសពម្តងទៀត។នៅពេលយប់ក៏មានផឹកស្រាថ្នាំបន្តិចបន្តួចបន្ទាប់ មកក៏ដេកលើគ្រែក្បែររោងបុណ្យ លុះព្រឹកឡើងទើបដឹងថាកូនគាត់ដេកស្លាប់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ ហើយឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញនិងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន មូលហេតុញៀនស្រាដាច់អាហារ។ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖