ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសដំបូងគេបង្អស់នៅអឺរ៉ុបបញ្ជូនរថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន

ចែករំលែក៖

អង់គ្លេសបានក្លាយទៅជាប្រទេស លោកខាងលិចដំបូងគេបង្អស់ដែលបានផ្តល់រថក្រោះធុនធ្ងន់ដល់ប្រទេសអ៊ុយក្រែន ។ សារព័ត៌មាន AFP បានដកស្រង់សម្តីនាយករដ្ឋមន្ត្រី Rishi Sunak ដែលបញ្ជាក់ថា រថក្រោះ Challenger 2 នឹងបញ្ជូនទៅកាន់អ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រកាសថា ចក្រភពអង់គ្លេសនឹងឱ្យរថក្រោះប្រយុទ្ធរបស់ខ្លួនចំនួន១៤គ្រឿង រួមជាមួយកាំភ្លើងធំបន្ថែមទៀតទៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា រថក្រោះ ឆាលេនជើ-ធូ (Challenger 2) មួយក្រុមចំនួន១៤គ្រឿងនឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយប្រព័ន្ធកាំភ្លើងធំ AS90 ដែលអាចចល័តបានដោយខ្លួនឯងចំនួន៣០គ្រឿងនឹងបញ្ជូនទៅតាមក្រោយ។ ជាមួយគ្នានេះ ទីក្រុងឡុងដ៍ក៏នឹងចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែនស្តីពីការប្រើប្រាស់រថក្រោះ និងកាំភ្លើងធំទាំងនេះផងដែរ។
ការប្រកាសខាងលើធ្វើឡើង បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាង នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ដែលអំឡុងពេលនោះ លោក ស៊ូណាក់ បានរៀបរាប់អំពីបំណងរបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងការគាំទ្រឱ្យកាន់តែខ្លាំងថែមទៀតសម្រាប់អ៊ុយក្រែន រួមមានទាំងតាមរយៈការផ្តល់សព្វាវុធខាងលើ។
ប្រការនេះធ្វើឱ្យអង់គ្លេសក្លាយជាប្រទេសដំបូងគេដែលផ្តល់រថក្រោះលោកខាងលិច ដែលទីក្រុងកៀវទទូចចង់បានជាខ្លាំង។ កន្លងមកនេះ ប៉ូឡូញនិងហ្វាំងឡង់ក៏បានបង្ហាញឆន្ទៈផ្តល់រថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនផងដែរ ប្រសិនបើមានប្រទេសអឺរ៉ុបដទៃៗទៀត រួមគ្នាធ្វើយ៉ាងដូច្នោះ ប៉ុន្តែអាល្លឺម៉ង់ដែលជាអ្នកផលិតរថក្រោះនេះផ្ទាល់ នៅតែប្រកាន់ជំហរមិនផ្តល់ឱ្យឡើយ។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ប៉ូឡូញនិងសាធារណរដ្ឋឆេក ក៏ធ្លាប់ផ្តល់រថក្រោះសល់ពីសម័យសូវៀតគឺ T-72 ឱ្យដល់អ៊ុយក្រែនដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ PLO.VN


ចែករំលែក៖