ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកើតមាននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចាប់ផ្តើមស្រកចុះទៅវិញជាបន្តបន្ទាប់ ក្រោយពីនៅភាគខាងលើ នៃស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ អស់ភ្លៀង ហើយទ្វារទឹករលាំងជ្រៃ ត្រូវបានទម្លាក់ចុះជាបន្តបន្ទាប់ ទៅតាមបច្ចេកទេស នៃការគ្រប់ គ្រងទឹករួចមក។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពង់ស្ពឺ ប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា ទឹកស្ទឹងព្រែកត្នោត នៅក្រោមទ្វារទឹករលាំងជ្រៃ ក្នុងខេត្តកំពង់ស្ពឺបានស្រកចុះវិញជាបណ្តើរៗហើយ បន្ទាប់ពីទ្វារទឹករលាំងជ្រៃបានទម្លាក់ចុះជាបន្តបន្ទាប់ទៅតាមបច្ចេកទេសនៃការគ្រប់គ្រងទឹកតែមិនទាន់អាចបិទទ្វារទឹកនេះឱ្យជិតទាំងស្រុងបាននៅ ឡើយទេ ដោយសារទឹកស្ថិតនៅក្នុងរង្វង់ប្រកាសឱ្យមាន ការប្រុងប្រយ័ត្ននៅឡើយ។ ទឹកស្ទឹ្ងងព្រែកត្នោតនៅខាង ក្រោមទ្វារទឹករលាំងជ្រៃបានស្រកចុះជាលំដាប់ទាំងទឹក ធ្លាក់ពីខាងចាន់ថ្នាលនិងទឹកធ្លាល់ចុះមកពីប៉ែកខាងភ្នំជាល ដែលជាទឹកស្ថិតនៅក្រៅការគ្រប់ គ្រង ព្រមពេលជាមួយនឹងភ្លៀង ក៏លែងមានធ្លាក់មកបន្ថែមទៀត។
ស្ថានភាពទឹកនៅល្ងាចថ្ងៃទី១៥ ខែមករានៅពាមឃ្លាំទឹកនៅសល់កម្ពស់ ៥,៥០ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៧,៨០ ម៉ែត្រ) នៅទ្វារទឹករលាំងជ្រៃទឹកស្រកមកនៅកម្ពស់ ៧,៧៤ ម៉ែត្រ (កម្ពស់ត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ) បន្ទាប់ពីបានឡើងដល់ កម្ពស់ ៧,៧៨ ម៉ែត្រ។ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា មានកម្រិតដល់ពីជិតដល់ ៣០០ មីលីម៉ែត្រ និងលើសពី ៣០០មីលីម៉ែត្រនៅផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រួចមក។
ជំនន់ទឹកស្ទឹងព្រែកត្នោតបានកើតមានឡើងខុសប្រក្រតី នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមករា និងរាលដាលដល់តំបន់សណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១៤ និង ១៥ ខែមករា ហើយទឹកទឹកជំនន់នេះនឹងស្រកចុះទៅវិញ នៅថ្ងៃទី១៦ ខែមករា បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយម បាន ចាត់វិធានការដោះទឹកដោយផ្ទាល់ពីលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ទៅតាមបច្ចេក ទេស នៃការគ្រប់គ្រងទឹក តាំងពីដើមទី រហូតដល់ពេល នេះរួចមក។
ចាប់តាំងពីថ្ងៃទី១៣ ខែមករា មកទ្វារទឹករលាំងជ្រៃត្រូវបានបើកទាំង ៥ ទ្វារដោយ១ទ្វារកម្ពស់ ៧ ម៉ែត្រ២ទ្វារ កម្ពស់៦ ម៉ែត្រសម្រាប់ទ្វារនីមួយៗ និង២ទៀតកម្ពស់ ៥ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ និងនៅថ្ងៃទី១៥ ខែមករា ទ្វារទឹកទាំង៥ ត្រូវបានទម្លាក់ចុះ ដោយនៅបើកត្រឹមកម្ពស់ ១ម៉ែត្រសម្រាប់ទ្វារនីមួយៗ នៃទ្វារទាំង៥ ដោយមិនទាន់អាចបិទជិតបានទាំងស្រុងនៅឡើយទេ ដោយសារទឹកនៅផ្នែកខាងលើទ្វារទឹករលាំងជ្រៃនៅខ្ពស់ជាងកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយ៕
ដោយ៖ សូរិយា