រដ្ឋាភិបាលនេប៉ាល់បានប្រកាសថ្ងៃទី១៦ ខែមករាជាថ្ងៃនៃការកាន់ទុក្ខជាតិសម្រាប់ជនរងគ្រោះនៃការធ្លាក់យន្តហោះ Yeti នៅ Pokhara កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៣។
សារព័ត៌មាន រ៉យទ័របានដកស្រង់សេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ដែលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច៦៨នាក់បានស្លាប់នៅពេលដែលយន្តហោះ ATR-72 របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti ដែលផ្ទុកមនុស្សចំនួន 72 នាក់បានធ្លាក់ ខណៈពេលព្យាយាមចុះចតនៅអាកាសយានដ្ឋានដែលទើបនឹងបើកថ្មីនៅទីក្រុង Pokhara កណ្តាលថ្ងៃទី ១៥ ខែមករា។
អាជ្ញាធរបានកំណត់ថា ក្នុងចំណោមអ្នកជិះលើយន្តហោះនោះ មានអ្នកដំណើរបរទេស ១៥នាក់ ក្នុងនោះមានជនជាតិឥណ្ឌា៥នាក់ រុស្ស៊ី៤នាក់ កូរ៉េ២នាក់ អៀរឡង់១នាក់ អូស្ត្រាលី១នាក់ បារាំង១នាក់ និងអាហ្សង់ទីនម្នាក់។
លោក Krishna Paudel អ្នកនាំពាក្យកងទ័ពរបស់ប្រទេសនេប៉ាល់បានឱ្យដឹងថា សាកសពមនុស្ស ៦៨ នាក់ដែលបានស្លាប់ត្រូវបានយកចេញពីកន្លែងកើតហេតុ ហើយកំពុងត្រូវបានរក្សាទុកនៅមន្ទីរពេទ្យ Gandaki ក្នុងទីក្រុង Pokhara ។ លោក Ajay KC មេប៉ូលិសក្នុងតំបន់បានបន្ថែមថា សាកសពមួយចំនួនដែលឆេះហួសពីការទទួលស្គាល់ នឹងត្រូវបញ្ជូនទៅរដ្ឋធានី Kathmandu ដើម្បីធ្វើតេស្ត DNA។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មានឱកាសតិចតួចក្នុងការរកឃើញជនរងគ្រោះទាំងបួននាក់ដែលបាត់ខ្លួន ហើយនៅរស់។ ការងារជួយសង្គ្រោះត្រូវផ្អាកនៅល្ងាចថ្ងៃដដែល ហើយនឹងបន្តនៅថ្ងៃទី១៦ ខែមករា។
ទីភ្នាក់ងារព័ត៌មាន PTI បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Bishnu Paudel ដែលបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ ហើយរំពឹងថានឹងមានរបាយការណ៍ចុងក្រោយក្នុងរយៈពេល 45 ថ្ងៃ។ រដ្ឋាភិបាលក៏បានបញ្ជាឱ្យភ្នាក់ងារជំនាញធ្វើការត្រួតពិនិត្យបច្ចេកទេសលើជើងហោះហើរក្នុងស្រុកទាំងអស់៕
ដោយ៖ ធីរីណា(រូបថត ៖ Vietnamnet.vn)