ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិ បាល នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គ្រោងនឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ ជាមួយនិងការសំណេះសំណាលជាមួយកម្មករ ដែលបំរើការងារក្នុងការដ្ឋាននេះចំនួន១២០០នាក់នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣ខាងមុខ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានណែនាំឱ្យលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បើកសួនច្បារទ្រូងមហាវិថីឈ្នះឈ្នះ មុខមន្ទីរពេទ្យនោះទំហំ១២០ម៉ែត្រនិងដាក់លូខ្នាតធំអមសងខាងអគារមន្ទីរពេទ្យភ្ជាប់ទៅប្រឡាយ៧០ម៉ែត្រក្រោយអគារ ដើម្បី បើកផ្លូវចូលមន្ទីរពេទ្យនិងដើម្បីរំដោះទឹកចេញពីបរិវេនមន្ទីរពេទ្យនេះ។ ជាមួយនឹងការណែនាំឱ្យមានការរៀបចំការងារមួយចំនួនទៀត ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ ជាមួយនិងការសំណេះសំណាលជាមួយកម្មករ ដែលបំរើការងារក្នុងការដ្ឋាននេះចំនួន១២០០នាក់នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា៖ មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧៤៨០ ម៉ែត្រការ៉េ អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ ។ អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) មានចំនួន ៩៤៩៦គ្រែ ,គ្រែបុគ្គលិកពេទ្យប្រចាំការចំនួន៤៦គ្រែ គ្រែបុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ ជាមួយនិងអគារបច្ចេកទេស (T) មណ្ឌលនេះ មានចំណតរថយន្ត (P) មានផ្ទៃក្រឡា ៧០២៦ ម៉ែត្រការ៉េ ចតរថយន្តបានចំនួន( ២១០គ្រឿង) ។សួនច្បារ (G3) មានសួនបៃតង ៤៤៩០ ម៉ែត្រការ៉េ ។ អគារផ្គត់ផ្គង់ និងពត៌មាន (A) មានទំហំ ២៨៣៥ ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានតែសរុបចំនួន ២៣៤គ្រែ ។សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានឈ្មោះថា «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»។មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»៕
ដោយ ៖ សំរិត