ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តធ្លាក់ប្រឡាយទឹកសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បើករថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែរនឹងរបងរោងចក្រកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីជាម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានបើករថយន្តម៉ាកតូយ៉ូតា RUSH ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BD-0240 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតបត់ឆ្វេង ឆ្លងចូលទៅផ្លូវបេតុងមួយខ្សែទៀតគោលបំណងត្រឡប់ទៅផ្ទះវិញ បានបួងចង្កូតបត់បានជ្រុលចង្កូតធ្លាក់កង់មួយចំហៀង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងធ្លាក់ ចូលទៅក្នុងប្រឡាយទឹក ហើយភ្លាមនោះដែរ ក៏បានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួយយករូបនាងចេញពីក្នុងរថយន្ត រួចបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះមកដល់រួចពិនិត្យនៅជុំវិញទីតាំងកើតហេតុ មិនមានប៉ះពាល់ទៅលើអ្នកជិតខាង និងមិនប៉ះពាល់លើទ្រពសម្បត្តិរដ្ឋបានឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលខ្លួនឯង៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖