ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានណែនាំ និងផ្តល់អនុ សាសន៍ចំនួន ៦ចំណុចបន្ថែម ដើម្បីធានាការអនុវត្តភារកិច្ច ការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យមាន ប្រសិទ្ធភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានណែនាំ និងផ្តល់អនុសាសន៍ទាំង៦ចំណុចនេះ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងនៃគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ចំនួន ៤,៣៧៤នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះរួមមាន៖
ទី១៖ គណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ សហការជា មួយគណៈកម្មការជំនាញពាក់ព័ន្ធនៃគណៈកម្មាធិការជាតិ CAMSOC ធ្វើបច្ចុប្បន្នភាពផែនការការពារជា ប្រចាំ និងត្រូវដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យមាន ប្រសិទ្ធភាពសម្រាប់ព្រឹត្តិការណ៍ SEA Games- ASEAN Para Games 2023។ ជាមួយគ្នានេះ ខិត ខំប្រមូលព័ត៌មាន និងធ្វើការវិភាគវាយតម្លៃស្ថានការណ៍សន្តិសុខរួមនៅកម្ពុជា សភាពការណ៍តំបន់ និងសកល លោក ដើម្បីកំណត់វិធានការគន្លឹះបម្រើឱ្យសកម្មភាពអនុវត្តជាក់ស្តែងបានទាន់ពេលវេលា។
ទី២៖ ធ្វើការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមដល់កងកម្លាំងសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលមានសមត្ថភាព និងបទពិសោធន៍ការពារព្រឹត្តិការណ៍ធំៗ ជាលក្ខណៈជាតិ និងអន្តរជាតិនាពេលកន្លងមក ដើម្បីឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង។ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរស្វែងរកការគាំទ្រជាមធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស និងផ្លាស់ប្តូរបទពិសោធន៍, ពង្រឹងយន្តការទំនាក់ទំនងព័ត៌មានសន្តិសុខ, ធ្វើការវិភាគវាយតម្លៃ និងចាត់វិធានការបានទាន់ពេលវេលា សម្រាប់បម្រើឱ្យព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023។
ទី៣៖ធ្វើការផ្សព្វផ្សាយដល់កងកម្លាំងជំនាញគ្រប់ប្រភេទសំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹង និងគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ធានាបរិយាកាសសន្តិសុខរួម និងគាំទ្រដល់ព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA Games-ASEAN Para Games 2023។
ទី៤៖ ផ្សព្វផ្សាយផែនការពាក់ព័ន្ធដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ពិសេសរាជធានី ខេត្តរៀបចំព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំកម្លាំងធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គាំទ្រសុវត្ថិភាពព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023 តាមផែនការរបស់គណៈកម្មាធិការជាតិ CAMSOC បានកំណត់។
ទី៥៖ កម្លាំងការពារទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើជាគម្រូល្អនៅគ្រប់ទិដ្ឋភាព គ្រប់កាយវិការ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងផ្ដល់ស្នាមញញឹមរួសរាយរាក់ទាក់តាមអភិក្រម «សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ»។ ជួយផ្សព្វផ្សាយលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋចូលរួមគាំទ្រ និងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «កម្ពុជាស្អាត»។
និងទី៦៖ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ និងលោកបណ្ឌិត ឈន សុភាព ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផ្ដល់កិច្ចសម្របសម្រួល និងឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈជូនគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ តាមសំណូមពរដែលបានលើកឡើងតាមផែនការគម្រោងថវិការបស់គណៈកម្មាធិការជាតិ CAMSOC។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមអ្វីដែលបានគ្រោងទុកនោះ សម្រាប់កីឡាស៉ីហ្គេម នឹងបើកជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងសម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣៕
ដោយ៖ សូរិយា