ខេត្តស្វាយរៀង ៖ ទណ្ឌិតម្នាក់ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមានអការ:ថប់ ដង្ហើម ត្រូវបានមន្រី្តអនុរក្សពន្ធនាគារបញ្ជូនតាមរថយន្ដទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងប៉ុន្តែបានស្លាប់នៅពាក់កណ្ដាលផ្លូវ ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាទណ្ឌិតដែលស្លាប់មានឈ្មោះ គ្រឿន ហៀង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នជាប់ឃុំនៅក្នុងបន្ទប់លេខ៩ អគារA នៃពន្ធនាគារខេត្តស្វាយរៀង ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ជាប់ឃុំថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ប្រភពបន្តថាកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលព័ត៌មានថា កាលពីវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មានទណ្ឌិតឈ្មោះ គ្រឿន ហៀង មានអការ:ថប់ៗដង្ហើមត្រូវបានមន្រី្តអនុរក្សពន្ធនាគារបញ្ជូនតាមរថយន្ដទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយក៏បានស្លាប់នៅវេលាម៉ោង០០និង៤០នាទី លើរថយន្ដនៅតាមផ្លូវ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀងមន្ត្រីការិយាល័យអន្តរវិស័យសាលាខេត្តស្វាយរៀង,កម្លាំងពន្ធនាគារខេត្តស្វាយរៀង និងលោក វេជ្ជបណ្ឌិត គង់ សុខ ប្រធានផ្នែកសង្គ្រោះបន្ទាន់ និងជាគណៈកម្មការកោសល្យវិច័យនៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យសាកសពនៅសាលតម្កល់សាកសព នៃមន្ទីរពេទ្យខេត្តស្វាយរៀង។
ដោយជាលទ្ធផលនៃការពិនិត្យផ្នែកក្បាល:មានទឹកពពុះពណ៌សហូរចេញតាមមាត់និងច្រមុះ ផ្នែកក:មានសភាពធម្មតា ផ្នែកដងខ្លួន:មានស្នាមស្រងឈាមនៅផ្នែកខ្នងនៃដងខ្លួនសាកសព ផ្នែកអវយវ:ពុំមានស្លាកស្នាមបាក់បែកឆ្អឹងនោះទេ ,ពងស្វាសហើម(ជម្ងឺចាស់)ទើបសមត្ថកិច្ចបានសន្និដ្ឋាន ថា ទណ្ឌិតខាងលើ បានស្លាប់ដោយសារគាំងបេះដូងអាចបណ្ដាលមកពីការស្ទះសរសៃឈាមបេះដូង។
សមត្ថកិច្ចចម្រុះបន្ទាប់ពីពិនិត្យចប់សព្វគ្រប់ បានប្រគល់សាកសពជូនលោក ទិត្យ ស៊ីថា អនុប្រធានពន្ធនាគារខេត្ត ដើម្បីរង់ចាំប្រគល់ទៅឲ្យ គ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុថាន