ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក បានអនុញាតឱ្យ លោក Jong-seong Lim សមាជិកសភាសាធារណរដ្ឋកូរ៉េ, Dr. Yong-deok Cho និងសហការី ជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ នាទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឱ្យលោក Jong-seong Lim សមាជិកសភាសាធារណរដ្ឋកូរ៉េ, Dr. Yong-deok Cho អគ្គលេខាធិកាក្រុមប្រឹក្សាទឹកអាស៊ី (AWC SG), តំណាង UNDP នៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួសម និងជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ស្តីពីបញ្ហាទឹកថ្នាក់ជាតិ និងតំបន់អាស៊ី ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម សូមស្វាគមន៍វត្តមានរបស់ លោកសមាជិកសភា លោកអគ្គលេខាធិការ និងសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ បាននឹងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនធានទឹកត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ហើយនឹងបន្តនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ឲ្យកាន់តែល្អប្រសើរ និងកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសជាមួយ K-Water, K-Eximbank/EDCF, Koica, AWC, Korea Environment Industry and Technology Institute, KMI & KMA ។ លោករដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូ អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្តព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ ស្ថិតក្នុងបរិបទនេះ លោករដ្ឋមន្រ្តីក៏បានសំណូមពរដល់ភាគីកូរ៉េ ឲ្យជួយដល់ក្រសួងធនធានទឹក និងឧតុនិយម លើមូលដ្ឋានបច្ចេកទេស (ប្រព័ន្ធផ្កាយរណប, ឧតុនិយម និងជលសាស្រ្ត……) និងការបណ្តុះបណ្តាលធនធានមនុស្ស ។

លោក Jong-seong Lim បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ លោករដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត ។ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ប្រទេសកូរ៉េបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យធនធានទឹក និងបានផ្តល់ភាពវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍរបស់កម្ពុជា ។

លោក Jong-seong Lim នឹងពាំនាំនូវសំណូមពរខាងលើជូនដល់រាជរដ្ឋាភិបាលកូរ៉េ និងបានបញ្ជាក់ថា ចំពោះអនាគតទៅមុខទៀត ប្រទេសកូរ៉េនឹងធ្វើការជាមួយគ្នាពាក់ព័ន្ធនឹងវិស័យធនធានទឹក ពុំមែនសម្រាប់តែកម្ពុជាទេ គឺនៅក្នុងប្រទេសអាស៊ីទាំងមូល ។

  គិតមកដល់បច្ចុប្បន្ននេះ ជំនួយរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បាននឹងកំពុងដំណើរការប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង, គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្ត បន្ទាយមានជ័យ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពព្រែកនាល ក្នុងខេត្តស្វាយរៀង គម្រោងសិក្សាសមិទ្ធិលទ្ធភាព 4P-IWRM ព្រែកគ្រៀល ព្រែកព្រះ ព្រែកកាំពី និងព្រែកទេរ ក្នុងខេត្តក្រចេះ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ផែនការមេគ្រប់គ្រងទឹក និងប្រព័ន្ធជូនដំណឹងស្ទឹងសែន ក្នុងខេត្តកំពង់ធំ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃការរៀបចំផែនការមេ ការគ្រប់គ្រងទឹកចម្រុះរបស់អនុអាងទន្លេមេគង្គទាំង ០៥ ក្រុមនៅកម្ពុជា, ប្រព័ន្ធទទួលរូបភាពពីផ្កាយរណបឧតុនិយមកូរ៉េ និងទើបបានតម្លើងរួចរាល់នូវស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៧ កន្លែង នៅលើបណ្តារាជធានី ខេត្តចំនួន ១១ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖