ភ្នំពេញ ៖ បើតាមប្រភពពីផេក#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ឱ្យដឹងថា, លំពែងគឺជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលយើងមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន: ការជួយដល់ការរំលាយអាហារ (enzymes digestifs) និងការបញ្ចេញជាតិអរ័ម៉ូនសំខាន់ៗមួយចំនួនទៀត (exocrine et endocrine)។
ជំងឺរលាកលំពែង តែងតែបានជួបប្រទះជាញឹកញាប់នៅក្នុងផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងនោះចំនួនបុរស និងស្រ្តីគឺមានចំនួនស្មើគ្នា ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបង្កមរណភាពផងដែរ។ ដូច្នេះទាមទារឲ្យមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត (urgence médicale) ។
ក) មូលហេតុ៖
មូលហេតុដែលបង្ករឲ្យមានការរលាកដល់សរីរាង្គលំពែង គឺមានយ៉ាងច្រើន ហើយក្នុងនោះ មូលហេតុដែលសំខាន់ៗរួមមាន៖
– ការពិសាគ្រឿងស្រវឹងច្រើនដែលមានរយៈពេលយូរ (alcoolisme chronique)
– បញ្ហាគ្រួសក្នុងផ្លូវទឹកប្រមាត់ដែលធ្លាក់មកស្ទះនៅក្នុងផ្លូវរបស់លំពែង (calcul biliaire migrant)
– ការប្រើប្រាស់ថ្នាំមួយចំនួនដែលមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងមានជំងឺប្រចាំកាយផ្សេងៗទៀតដូចជា hémochromatose, maladie de Wilson, mucoviscidose …។
ខ) រោគសញ្ញា៖
រោគសញ្ញារបស់ជំងឺនេះរួមមាន៖
– ការឈឺចុកចាប់ក្នុងពោះខ្លាំងក្លាភ្លាមៗ ជាពិសេសនៅតំបន់ចុងដង្ហើម
– មានការក្អួតចង្អោរ
– មានការទល់ខ្យល់ និងលាមក
– ការឡើងកម្តៅខ្លួន
– មានការហត់ដង្ហក់ពិបាកដកដង្ហើម ។ ល។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិឆ្ឆយ័ជំងឺនេះ គឺទាមទារនៅរោគសញ្ញាគ្លិនិក (symptômes cliniques) រួមផ្សំនិងការពិនិត្យឈាម (bilan sanguin) ការមើលអេកូពោះ ការថតស្គែនន័រ (scanner abdomino-pelvien avec injection)…។
ឃ) ការព្យាបាល៖
ការព្យាបាល គឺទាមទារត្រូវតែឲ្យអ្នកជំងឺសម្រាកព្យាបាល និងតាមដាននៅក្នុងមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃការវិវត្តរបស់ជំងឺ។
“ គ្រឿងស្រវឹង គឺជាមូលហេតុចំបងមួយទៀតនៃគ្រោះថ្នាក់សុខភាព តាមរយៈជំងឺរលាកលំពែងធ្ងន់ធ្ងរ! ”៕
ដោយ ៖ សហការី