ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងាជារផ្លូវការ នៅប្រទេសជប៉ុនពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
តបតាមការអញ្ជើញរបស់ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការ បរទេសជប៉ុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារ ផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ លោក ប្រាក់ សុខុន នឹងមានជំនួបជាមួយលោម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម នាពេលបច្ចុប្បន្ន នឹងត្រូវលើកយកមកពិភាក្សា។ ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន លោក ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគមជប៉ុន-កម្ពុជា។
លោក ឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំនៅទីក្រុងតូក្យូ ផងដែរ។
ដំណើរទស្សនកិច្ចរបស់ លោក ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ នឹងបន្ត ការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនូវទំនាក់ទំនងល្អប្រពៃ ដែលមាន ស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងនាពេលថ្មីៗនេះ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ៕
ដោយ : សិលា