ព័ត៌មានទាន់ហេតុការណ៍៖

យុវតី សុខ សៀងហ្គិច នៃវិទ្យាល័យជីភូ បានជួបសំដែងការរីករាយ និងភ្ជាប់សំបុត្រដែលមានអត្ថន័យជូនលោកស្រី ឱ វណ្ណឌីន នាឱកាសពិនិត្យមើលការចាក់វ៉ាក់សាំង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ តាមរយៈលិខិតនោះ យុវតី សុខ សៀងហ្គិច ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យជីភូ បានបង្ហាញនូវក្ដីស្រលាញ់ចំពោះលោកស្រី ឱ វណ្ណឌីន និងចាត់ទុកជា idol ក្នុងដួងចិត្ត គ្រាដែលកន្លងមកធ្លាប់តែឃើញវត្តមានរបស់លោកស្រី នៅតាមកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គម ហើយលើកនេះទើបបានជួបដោយផ្ទាល់។

សូម្បីបញ្ជាក់ថា, ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានទទួលសំបុត្រមួយសន្លឹកពីសិស្សវិទ្យាល័យជីភូ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

យុវតី សុខ សៀងហ្គិច បានរៀបរាប់ក្នុងសំបុត្រសរសេរដោយដៃទៀតថា លោកស្រី ឱ វណ្ណឌីន បានធ្វើជាគំរូល្អនៅក្នុងសង្គម ខិតខំធ្វើការលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញតួនាទីជាគ្រូពេទ្យយ៉ាងល្អ ហើយបញ្ជាក់ទៀតថា រូបនាងនឹងខិតខំរៀនសូត្រ និងធ្វើជាគំរូល្អដូចលោកស្រីដែលជា idol នោះដែរ។

សូមអានសំបុត្រ យុវតី សុខ សៀងហ្គិច គោរពជូន លោកស្រីវេជ្ជបណ្ឌិតបណ្ឌិត ឱ វណ្ណឌីន ទាំងស្រុងយ៉ាងដូច្នេះថា, ជូនចំពោះ លោកជំទាវ ឱ វណ្ណឌីន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ! ថ្ងៃនេះខ្ញុំពិតជារំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដោយបានជួបលោកជំទាវជាលើកដំបូង ដោយសារតែលោកជំទាវជា Idol របស់ខ្ញុំ ខ្ញុំបានស្គាល់លោកជំទាវតាមទូរទស្សន៍ ហើយក៏បានក្លាយជា Fan របស់លោកជំទាវ ស្ដាប់មើលទៅគួរឱ្យអស់សំណើច ក៏ប៉ុន្តែលោកជំទាវបានធ្វើជាគំរូល្អនៅក្នុងសង្គម ខិតខំធ្វើការលះបង់ កម្លាំងកាយចិត្ត ដើម្បីបំពេញតួនាទីជាគ្រូពេទ្យបានយ៉ាងល្អ។ នាងខ្ញុំដែលជា Fan លោកជំទាវតាំងពីឆ្នាំ 2020 សន្យាថា នឹងខិតខំរៀនសូត្រនិងធ្វើជាគំរូល្អនៅក្នុងសង្គមដូចលោកជំទាវដែរ។ នាងខ្ញុំសូមជូនពរលោកជំទាវ សុខភាពល្អ និងអាយុយឺនយូរ ។ 

នាងខ្ញុំ សុខ សៀងហ្គិច ជាសិស្សថ្នាក់ទី 12 A , 2022-2023 វិទ្យាល័យជីភូ ៕

ដោយ : សិលា


ចែករំលែក៖