សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣នេះ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី១៩ខែមករា បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយនៅក្រោមកញ្ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានការផ្ដល់ជាលើកដំបូងនូវរថពាសដែក Stryker និងរថពាសដែកប្រយុទ្ធ Bradley បន្ថែមដែលអាចនឹងត្រូវបានប្រើទប់ទល់នឹងប្រតិបត្តិការវាយលុកសាជាថ្មីណាមួយរបស់រុស្ស៉ី។
ការប្រកាសពីកញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេសលោកខាងលិចជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន។ បើតាមមន្ទីរបញ្ចកោណ នៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះរួមមានរថពាសដែក Stryker ចំនួន៩០គ្រឿង និងរថពាសដែកប្រយុទ្ធ Bradley ចំនួន៥៩គ្រឿង បន្ថែមពីលើរថពាសដែកប្រយុទ្ធ Bradley ៥០គ្រឿងដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់យោធាកាលពីពេលមុន។
នៅក្រោមកញ្ចប់ជំនួយយោធាថ្មីខាងលើ ក៏មានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដែលអ៊ុយក្រែនបានប្រើយ៉ាងមានប្រសិទ្ធភាពនៅលើសមរភូមិនាពេលកន្លងមក។ ប៉ុន្តែមិនមានរថក្រោះប្រយុទ្ធ M1 Abrams ដែលអ៊ុយក្រែនបានស្នើសុំនោះទេ ខណៈមានសេចក្ដីរាយការណ៍ថាអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះធុនធ្ងន់ របស់ខ្លួនឱ្យអ៊ុយក្រែន បើសហរដ្ឋអាមេរិកធ្វើដូចគ្នានេះដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters