ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល  ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា លេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ មានភារកិច្ចដូចជា ៖ សហការរៀបចំផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព, រៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន ស្ដីពីការសហការ ការសម្របសម្រួល ការតាមដាន ការត្រួតពិនិត្យ និងការដាស់តឿន ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

លោក អគ្គនាយក បន្ដថា លេខាធិការដ្ឋា ក៏សហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព។ ជាពិសេស សហការ និងផ្តល់អនុសាសន៍ ក្នុងការអនុវត្តលក្ខណសម្បត្តិនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងសហការរៀបចំគោលនយោបាយ សេចក្តីណែនាំនានា និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការពង្រីកវិសាលភាព និងកម្រិតគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ដ្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈអនុគ្រោះអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋាន ផងដែរ។

សម្ដេចក្រឡាហោម បន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេច សូមថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ(UNICEF) តែងតែផ្ដល់ការគាំទ្រ ទាំងធនធានថវិកា និងបច្ចេកទេស ក្នុងការចូលរួមសម្រេចនូវទិសដៅកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព សុខមាភាពរបស់ប្រជាជនកម្ពុជា។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋភិបាលកម្ពុជា ដូចជា៖ ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជាតិលើកទី០៧ និងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសង្គម ដែលមានសន្ដិសុខ និងសុវត្ថិភាពល្អប្រសើរ ជាមួយនឹងការជំរុញរៀបចំនូវសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យនៅតាមមូលដ្ឋានានាឱ្យបានល្អប្រសើរ គឺពិតជាបានចូលរួមលើកកម្ពស់មុខមាត់ កិតិ្តយស សេចក្ដីថ្លៃថ្នូរ របស់ប្រទេសជាតិ។

សម្ដេចក្រឡាហោម បន្ដថា ទន្ទឹមនឹងការចូលរួមអនុវត្តផែនការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ចំពោះព្រឹត្តិការណ៍ទាំងនេះ ក្រសួង-ស្ថាប័ន និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវអនុវត្តជំរុញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយ អប់រំ និងបំផុស ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់ៗគ្នា។ លើសពីនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ត្រូវរៀបចំក្រុមការងារ ដើម្បីធ្វើជាសេនាធិការ ក្នុងការរៀបចំផែនការសកម្មភាព តាមដានត្រួតពិនិត្យវាយតម្លៃ សំដៅជំរុញការអនុវត្តលក្ខណៈសម្បត្តិនានា នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានសកម្ម និងព្រមៗគ្នាផងដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវជួយគាំទ្រដល់មូលដ្ឋាន ដើម្បីជំរុញធ្វើសកម្មភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព។ គណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំផែនការសកម្មភាព ជាក់ស្ដែងដើម្បីអនុវត្ត គោលនយោបាយនេះ ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើការរៀបចំវេទិការសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា លក្ខណសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានចំនួន០៧ យ៉ាង រួមមាន៖ ទី១-ផ្ដល់សេវាធាណរណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ,ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ,ទី៣-មានសណ្ដាប់ធ្នាប់សាសធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ,ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ,ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធិភាព ,ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធិភាព៕

ដោយ ៖ សហការី


ចែករំលែក៖