ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកវ៉ូវីណាម ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយចំនួន៨គ្រឿង ក្នុងការប្រកួតជើងឯកគីរីសួគ៌

ចែករំលែក៖

ភ្នំពេញ ៖ បើយើងតាមប្រភព៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បានអោយដឹងថា, នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អត្តពលិកវ៉ូវីណាម នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ទទួលបានតំណែងលេខ១ ក្រោយដណ្ដើមបានមេដាយ៨គ្រឿងពីការប្រកួតជើងឯកយុវជនគីរីសួគ៌ ឆ្នាំ២០២៣ ដែលបានបិទបញ្ចប់នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា នៅអគារបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ។

 អត្តពលិកនៃសមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ប្រជែងបានមេដាយសរុបចំនួន៨គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធិ ១គ្រឿង។ មេដាយទាំងអស់ដែលដណ្ដើមបានរួមមាន ៖ មេដាយមាសទទួលបានដោយ ១-កីឡាការិនី កៅ មុន្នីនាថ ប្រជែងបានលើវិញ្ញាសា កត្តាឃើយវៀង ឯកត្តជននារី ២-កីឡាករ កៅ វិចិត្របុត្រប្រកួតលើវិញ្ញាសា ថាប់ ទឺវៀងឯកត្តជនបុរស ៣-កីឡាការិនី  លឹម សម្ផស្ស ដណ្ដើមបានលើវិញ្ញាសា ប្រយុទ្ធ៥៥គីឡូនារី។

ចំណែកមេដាយប្រាក់ បានទៅលើកីឡាករ ១-កៅ វិចិត្របុត្រ  ប្រកួតលើវិញ្ញាសា កត្តាដាវឯកត្តជន បុរស ២-កីឡាការិនី កៅ មុន្នីនាថ ប្រជែងលើវិញ្ញាសា កត្តាដាវឯកត្តជននារី ៣-កីឡាការិនី ធឿន ស្រីយ៉ា ដណ្ដើមបានលើវិញ្ញាសា ប្រយុទ្ធ៥៥គីឡូ នារី និង៤-កីឡាការនី ឡុង ហូវៀង ប្រកួតលើវិញ្ញាសា កត្តាឯកត្តជន នារី រីឯ មេដាយសំរឹទ្ធិ បានទៅលើកីឡាករ ម៉ឺន វៃគីមហាប់ ប្រជែងលើវិញ្ញសា ឃើយវៀងកត្តាឯកត្តជនបុរស។

សម្រាប់សមាគមកីឡាវ៉ូវីណាមនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ចូនយុវជនអាយុក្រោម១៦ឆ្នាំ ចំនួន០៧រូបឱ្យចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកយុវជន គីរីសួគ៌ ឆ្នាំ ២០២៣។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជន គីរីសួគ៌ រៀបចំឡើងដោយសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា។ ការប្រកួតនេះមានក្រសួង សមាគម-ក្លិបចូលរួមចំនួន១១ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបវ៉ូវីណាមនិរោធ ក្លិបសម្បត្តិមុនី ក្លិបតាឡី ក្លិបវិទ្យាល័យជាស៊ីមសាមគ្គី ក្លិបសែនសុខ ក្លិបវិទ្យាល័យវត្តកោះ ក្លិបវត្តទួល និងក្លិបវ៉ូវីណាមហ្វ្រេនហ្សូន។កីឡាករ កីឡាការិនីចូលរួមសរុបក្នុងការប្រកួតនេះមានចំនួន៥២រូប ក្នុងនោះកីឡាការិនី២២រូប។

សូមរំលឹកជូនដែរថា ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ កន្លងទៅអត្តពលិកឈុតធំរបស់សមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន១៥គ្រឿង ក្នុងនោះ មេដាយមាស០៧ ប្រាក់០៤ និងមេដាយសំរឹទ្ធ០៤គ្រឿង៕

ដោយ ៖ សហការី


ចែករំលែក៖