ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានទទួលដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូគយនៃប្រទេសឡាវ ដឹកនាំដោយលោកអគ្គនាយករង Saymanolinh SINBANDHIT និងដំណើរទស្សនកិច្ចរបស់លោក Micheal Cymbalista លោក Joel Carruthers តំណាងកងកម្លាំងការពារព្រំដែនប្រទេសអូស្ត្រាលី (ABF) ដែលជាសមត្ថកិច្ចគយអូស្ត្រាលី ព្រមទាំងលោកស្រី Nuttha Ummarakoon តំណាងអង្គការ United Nations Office on Drugs and Crime (UNODC)។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងផ្តល់ឱកាសឱ្យរដ្ឋបាលគយប្រទេសឡាវសិក្សាស្វែងយល់អំពីបទពិសោធន៍ជោគជ័យរបស់រដ្ឋបាលគយកម្ពុជាក្នុងការអនុវត្តកម្មវិធីត្រួតពិនិត្យកុងតែន័រ (UNODC-WCO Container Control Programme-CCP) ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបចំពោះការកើតឡើងនូវបញ្ហាផ្សេងៗពាក់ព័ន្ធសន្តិសុខនៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មសកលលោក។ តាមរយៈយន្តការនេះ ប្រទេសសមាជិក បង្កើនបាននូវប្រសិទ្ធភាពលើវិធានការបង្ការបង្ក្រាបទំនិញល្មើសច្បាប់ ជាពិសេស ពាណិជ្ជកម្មទំនិញយុទ្ធសាស្ត្រ ការចរាចរគ្រឿងញៀននិងសារធាតុញៀន ការគេចពន្ធ ការបន្លំពន្ធ និងសកម្មភាពភេរវកម្មផ្សេងៗ។
នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូ បានទៅទស្សនកិច្ចនៅអង្គភាពត្រួតពិនិត្យកុងតែន័រ (CCU) នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយបានសិក្សាស្វែងយល់អំពីនីតិវិធីបញ្ចេញទំនិញពីគយ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធ E-Customs និងនីតិវិធីអនុវត្តន៍ការងាររបស់ CCU ព្រមទាំងបានចុះទៅពិនិត្យឧបករណ៍ត្រួតពិនិត្យគយ, ម៉ាស៊ីនស្កែនកុងតែន័រ, ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម, ទីលានត្រួតពិនិត្យទំនិញ, និងទីលានកុងតែន័រនិងចំណតនាវា។ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូក៏បានបន្តទៅធ្វើទស្សនកិច្ចនៅអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU) នៃសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ដោយបានស្វែងយល់អំពីដំណើរការបង្កើត និងប្រតិបត្តិការប្រចាំថ្ងៃរបស់ ACCU ដែលមានដូចជាការវិភាគហានិភ័យទំនិញ, ការជ្រើសរើសទំនិញសម្រាប់ត្រួតពិនិត្យរូបវន្ត និងបានចុះទៅពិនិត្យឃ្លាំងទំនិញ និងឧបករណ៍បំពាក់សម្រាប់មន្ត្រី ACCU ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងបានសិក្សាលើការងារវិភាគហានិភ័យចំពោះនិវេទនប័ណ្ណ, អញ្ញត្តប័ណ្ណ, កំណត់ត្រាផ្សេងៗ និងរបាយការណ៍ទំនិញហានិភ័យដែលត្រូវបានជ្រើសរើសដើម្បីត្រួតពិនិត្យ។
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាអង្គភាព CCU នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងអង្គភាព ACCU នៃសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ។ ក្នុងឱកាសនោះ លោក Saymanolinh SINBANDHIT ប្រធានគណៈប្រតិភូគយប្រទេសឡាវ បានថ្លែងអំណរគុណ និងបានកោតសរសើររដ្ឋបាលគយកម្ពុជា ដែលអាចរៀបចំបង្កើត និងអនុវត្តកម្មវិធី CCP ទទួលបានលទ្ធផលប្រកបដោយជោគជ័យនាពេលកន្លងមក។ ទន្ទឹមនេះ ប្រធានគណៈប្រតិភូគយប្រទេសឡាវ ក៏បានស្នើសុំ លោករដ្ឋមន្ត្រីប្រតិភូ បន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃរដ្ឋបាលគយទាំងពីរ ដែលបានអាក់ខានចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺ Covid-19។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមសេនានុព័ន្ធគយអូស្រ្តាលីប្រចាំតំបន់មេគង្គ លោក Micheal Cymbalista និងលោក Joel Carruthers បន្តជួបពិភាក្សា ដោយឡែក អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋបាលគយប្រទេសអូស្ត្រាលី ជាមួយ អគរ និងការសហការទទួលរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់តំបន់ ក្រោមគម្រោងជំនួយរបស់រដ្ឋបាលគយអូស្ត្រាលី នាពេលខាងមុខ។
មុននឹងធ្វើមាតុភូមិនិវត្តន៍ គណៈប្រតិភូ បានធ្វើទស្សនកិច្ចនៅសារមន្ទីរគយ, អគាររដ្ឋបាលថ្មីរបស់អគរ និងសាលាជាតិគយ ផងដែរ ៕
ដោយ : សិលា