ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសម្រេចបានក្នុងឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើនដែលថ្នាក់ដឹកនាំនិងសមាជិក -សមាជិកា នៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់ក្រុមមេធាវីរាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និងការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិនៅចំពោះមុខគ្រប់ស្ថាប័នមានសមត្ថកិច្ច និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់, ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី-កុមារីងាយរងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ទាំងអស់នេះ ពិតជាបានបង្ហាញអំពីតួនាទីដ៏មានសារៈសំខាន់របស់មេធាវីដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និងសេរី ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋ ក៏ដូចជាការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនាតាមរយៈការសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗ។

ការថ្លែងនេះត្រូវបានធ្វើឡើង ក្នុងឱកាស បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសំណូមពរដល់ ថ្នាក់ ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីរាជរដ្ឋា ភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំនីតិ រដ្ឋ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌,ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ,ការពង្រឹងយុត្តិធម៌សង្គម និង ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនិរន្តរភាពនៃការកសាងអភិវឌ្ឍជាតិឱ្យមានមូលដ្ឋានរឹងមាំ ស្រប តាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិ បាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំនិងបន្តប្រតិបត្តិ និងប្រកាន់ខ្ជាប់វិធានវិជ្ជាជីវៈមេធាវី ដែលមានចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ក៏ដូចជាសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវី និងរក្សាឱ្យបាននូវសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃយុត្តិធម៌ ព្រមទាំងកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវី ហើយក៏សូមបន្តពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យស្របទៅនឹងការវិវឌ្ឍជឿនលឿននៃសង្គម ក៏ដូចជាការសម្របខ្លួននៅនឹងដំណើរសមាហរណកម្ម និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោក។

លោកបណ្ឌិតបន្តថា សូមបន្តចូលរួមចំណែកកសាងសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុម រមនា សម្រាប់ទាំងអស់គ្នា ជាពិសេសការបន្តផ្តល់សេវាជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាពទទួលបានសេវាផ្លូវច្បាប់ ស្របតាមគោល ការណ៍សតិសម្បជញ្ញៈ សីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្លូវច្បាប់ក្នុងនាមជាមេធាវី និងក្នុងតួនាទីជាមេធាវីស្ម័គ្រ ចិត្តសម្តេចតេជោសែន៕

ដោយ៖ សូរិយា


ចែករំលែក៖