ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត សុខ ទូច ៖ នៅពេលនេះទាំងខ្មែរទាំងចិនសែនស្ទើរតែគ្រប់ផ្ទះ ការធ្វើបែបនេះគេយល់ឃើញថាមានបាន តែមិនបានមើលគេ, ខណៈសម្តេចតេជោ សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិ មានលាភសំណាងលុយកាក់ហូរចូល

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ” នៅពេលនេះទាំងខ្មែរទាំងចិនសែនស្ទើរតែគ្រប់ផ្ទះ ការធ្វើបែបនេះគេយល់ឃើញថាមានបាន តែមិនបានមើលគេ ” ដោយឡែក សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានបង្ហោះថា, សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។

លោកបណ្ឌិត សុខ ទូច បានលើកឡើង ដល់៦ចំណុចយ៉ាងដូច្នេះថា, ៖

១- គេខំរកសុី ដោយគ្មានទំនេរ តែយើងទំនេរច្រើន

២- គេដាំគ្មានសល់ដី ដាំដំណាំឆ្លាស់គ្នា យើងដីនៅសល់ធ្វើស្រែតែមួយរដូវ ហើយជួលគេទៀតតើអាចមានទេ?

៣- គេចូលចិត្តធ្វើជាម្ចាស់(ថៅកែ) ឯយើងចូលចិត្តធ្វើកម្មករគេ ពេលទំនេមើល Facebook ឬចាក់ធុងបាសរាំ។

 ៤- គេកែច្នៃឱ្យអស់ពីលទ្ធភាព ឯយើងចូលចិត្តលក់វត្ថុធាតុដើម

 ៥- គេមានជំនាញ ឯយើងលក់កម្លាំងពលកម្ម ហើយពូកែលើកហេតុផលផ្សេងៗ

៦- គេខ្ចីប្រាក់មករកសុី យើងខ្ចីប្រាក់មកទិញម៉ូតូឬទូរស័ព្ទ។

ដូចនេះខំសែនយ៉ាងដូចម្តេច ក៏មិនមានដូចគេដែរ ត្រូវតែប្ដូរភាពអវិជ្ជមានទាំងអស់នេះ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិននេះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។

ជាមួយគ្នានោះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖