ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្លែងឯកសណ្ឋានរបស់ ជាកម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត។
យោងតាមរបាយការណ៍ដែលទទួលបាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា, ជនសង្ស័យក្លែងឯកសណ្ឋានរបស់ជាកម្លាំងកងរាជអាវុធហត្ថនេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលមានឈ្មោះ សរ លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ចំពោះវត្ថុតាងដែលបានចាប់យកមាន សំបុត្របញ្ជាក់កំណើត ចំនួន ១ច្បាប់, អាវកងអាវុធហត្ថត្រេអុីដៃវែង ចំនួន ១, ខោអាវកងអាវុធហត្ថប្រយុទ្ធចំនួន ១កំប្លេ, ខោអាវុធហត្ថត្រេអុី ចំនួន ១, អាវយឺត អ.ហ ដៃវែង ចំនួន ២,ស្បែកជើងកវែង ចំនួន ១គូរ, ស្បែកជើងប៊ូ ចំនួន ១គូ, ខ្សែក្រវ៉ាត់ អ.ហ ចំនួន ១, ម៉ាស អ.ហ ចំនួន ១, ត្រាឈ្មោះ សរ លីហ៊ាង ចំនួន ១, ទូរស័ព្ទ ចំនួន ២គ្រឿង, កាបូបដៃពណ៌ខ្មៅ ចំនួន ១, ស៊ីមទូរស័ព្ទចំនួន ២ (០៨៨ ៧៧ ៦៦ ៦៩៥,០៩៦២៨១៧៧៨៥), កិច្ចសន្យាស្ដីពីការវិនិយោគស្ដារជួល និងអភិវឌ្ឍន៍ចម្ការកៅស៊ូ ឡាបានសៀក ចំនួន ១ច្បាប់។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា, កន្លងទៅមានក្រុមជនសង្ស័យ បន្លំប្រើប្រាស់ឯកសណ្ឋានកម្លាំងកងរាជអាវុធហត្ថ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាញឹកញាប់។ ជាមួយគ្នានេះផងដែរ លោកឧត្ដមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូនសាធារណជន រាល់ករណីឃាត់ខ្លួនជនសង្ស័យ និងសូមឱ្យ បងប្អូនដែលមិនមែនជា នាយទាហាន នាយទាហានរង និងពលទាហានកងរាជអាវុធហត្ថ កុំបន្លំប្រើប្រាស់ឯកសណ្ឋាន ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ឬបន្លំសាធារណជន សុទ្ធតែជាអំពើល្មើសច្បាប់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ កិត្តិយសកងកម្លាំងប្រដាប់អាវុធ នៃកម្លាំងកងរាជអាវុធហត្ថ ៕
ដោយ ៖ សហការី