ភ្នំពេញ ៖ នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបង្ហោះពាក្យដ៏ខ្លី លើផេកផ្លូវការ ដែលមានន័យបំផុត ក្នុងឆន្ទះស្ថាបនា ក្នុងនោះ លោករដ្ឋមន្ត្រីមានសរសេរថា ,មិនដឹងជាពិតឬអត់ទេ តែបើសិនជាពិតមែន គឺ សែនខ្មាសអៀនណាស់ ! ( ទទួលបានពីមិត្តក្នុងហ្វេសប៊ុក ) ។ ការលើកឡើងបែបនេះ ខណៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ឃើញទៅលើលិខិត រដ្ឋបាលសាលាស្រុកបាទី ខេត្តតាកែវ សរសេរខុសអក្ខរាវិរុទ្ធ ច្រើនលើសលុប។
ក្នុងនោះមានសរសេរខុស ស្ទើរតែជាង២០ ពាក្យទៅហើយ គ្រាន់តែលិខិតរដ្ឋបាល១សន្លឹក អំពីសេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។
សូមបញ្ជាក់ថា, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនសំដៅថា, រដ្ឋបាលសាលាស្រុកបាទី ខេត្តតាកែវ សរសេរ ខុសទេ គ្រាន់លោកបញ្ជាក់ថា, មិនដឹងជាពិតឬអត់ទេ តែបើសិនជាពិតមែន គឺ សែនខ្មាសអៀនណាស់ ! ( ទទួលបានពីមិត្តក្នុងហ្វេសប៊ុក ) ។ ផ្ទុយទៅវិញ បើលិខិតនោះចេញដោយ រដ្ឋបាលសាលាស្រុកបាទី មែន គឺខ្ជីខ្ជា បែបបទរដ្ឋបាល ដែលមិនសមជាអភិបាលស្រុក ដាច់ខាត ។ ចំណុចនេះ សូមលោក អភិបាល នៃគណៈអភិបាលខេត្តតាកែវ មេត្តាពិនិត្យផង ពិត ឬមិនពិត នូវលិខិតរដ្ឋបាលនេះ ? ៕
ដោយ : សិលា