ក្លិបនៅ A-League បានប្រកាសថា អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Dwight Yorke បានចាកចេញពីតំណែងជាគ្រូបង្វឹកក្រុម Macarthur FC ហើយបន្ទាប់ពីដឹកនាំតិចជាង៧ខែ។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្លិបMacarthur បានឲ្យដឹងថា ក្លិប និងលោក Yorke ដែលស្ថិតក្នុងតួនាទីដំបូងរបស់គាត់ជាគ្រូបង្វឹក ហើយត្រូវបានតែងតាំងកាលពីខែកក្កដាបានព្រមព្រៀងគ្នាចែកផ្លូវគ្នា មានប្រសិទ្ធភាពភ្លាមៗ។
លោក Yorke បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំចង់ថ្លែងអំណរគុណចំពោះប្រធាន Gino Marra នាយកប្រតិបត្តិ Sam Krslovic ក្រុមម្ចាស់ទាំងអស់ ក៏ដូចជាបុគ្គលិក និងអ្នកគាំទ្រ Macarthur FC។ ខ្ញុំចាកចេញពីក្លិបបាល់ទាត់ជាមួយនឹងក្រុមដ៏អស្ចារ្យមួយដែលនឹងបន្តប្រជែងដណ្តើមយកមេដាយប្រាក់បន្ថែមទៀត”។
លោក Yorke បានដឹកនាំក្លិបឱ្យឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេនៅពេលដែល Macarthur បានឈ្នះពានរង្វាន់ Australia Cup កាលពីឆ្នាំមុន ហើយគាត់បានចាកចេញពីក្រុមនៅចំណាត់ថ្នាក់ទី៦ ក្នុងក្របខ័ណ្ឌ A-League បន្ទាប់ពីចាញ់ ១–០ ទល់នឹងក្រុម Adelaide United កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ប្រធានក្លិបលោក Marra បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ Dwight Yorke និងជំនួយការរបស់គាត់ Russell Latapy សម្រាប់ការរួមចំណែករបស់ពួកគេចំពោះក្លិបរបស់យើង ហើយជាពិសេស Dwight បានដឹកនាំ Macarthur ទៅកាន់ជោគជ័យដំបូងរបស់យើងជាមួយនឹងជ័យជម្នះ Australia Cup ឆ្នាំ២០២២របស់យើង” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)