ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៣នេះថា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រះវិហានៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣កន្លងទៅ។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា,ព្រះវិហារនេះជាការផ្ដួចផ្ដើមសាងសង់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានរៀបចំពិធីក្រុងពាលីកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងមក ដោយលោកស្រីញ៉ែម សាខន ស ខេង និងមានការចូលរួមពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត។
តាមការឱ្យដឹងពីក្រុមការងារសាងសង់ព្រះវិហានៅភូមិព្រែកស្វាយបានបញ្ជាក់ថា វត្តព្រែកស្វាយមានផ្ទៃដីទំហំ៤៧.០០០ម៉ែត្រការ៉េ បានធ្វើការសាងសង់ព្រះវិហារមួយដែលមានទទឹង ១២,៦ម៉ែត្រ បណ្តោយ ៣៣,៣ម៉ែត្រ និងដងទង់មួយគូតាមរចនាប័ទ្មខ្មែរចំណាយ ថវិកាអស់ប្រមាណជាង១លានដុល្លារសហរដ្ឋអាមេរិក។ ការសាងសង់មានរយៈពេលពីរឆ្នាំ ហើយតម្លៃនៃការសាងសង់ព្រះវិហារនេះវាពិតជាមានតម្លៃថ្លៃជាងការសាងសង់នៅលើដីគោកគុណនឹង៣ឬ៤ដង ព្រោះការសាងសង់នៅលើដីកោះ ជួបបញ្ហាប្រឈមដូចជា ការដឹកជញ្ជូនសម្ភារសំណង់មកកាន់ការដ្ឋានត្រូវប្រើប្រាស់ពេលវេលាលើកដាក់ចុះតាមសាឡង់ និងប្រើប្រាស់កម្លាំងពលកម្មលើកជាច្រើនលើកច្រើនសាទើបមកដល់ការដ្ឋាន។ មកដល់បច្ចុប្បន្នការសាងសង់ព្រះវិហារភូមិព្រែកស្វាយសម្រេចបាន ២០ភាគរយហហើយ។ លោកបានបន្តថា លោកនឹងជំរុញការងារសាងសង់ឱ្យបានមុនផែនការ ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់កោះមានព្រះវិហារសមរម្យចូលគោរពបូជាតាមបែបព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យក្រុមការងារសាងសង់ត្រូវពន្លឿនការសាងសង់ឱ្យបានលឿនឆាប់តាមអ្វីដែលអាចធ្វើទៅបាន ព្រោះរដូវនេះជារដូវប្រាំងមិនមានបញ្ហាប្រឈមក្នុងការសាងសង់នោះទេ ហើយរដូវវស្សានឹងចូលមកដល់នាពេលខាងមុខ ការងារសាងសង់ត្រូវប្រឈមដោយសារភ្លៀងច្រើននៅតំបន់កោះពិបាកក្នុងការសាងសង់។ ទន្ទឹមនោះផងដែរ ការងារសាងសង់ត្រូវឱ្យលឿន ធានាបរិមាណ គុណភាពសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយបានចូលមកគោរពបូជា និងរៀបចំធ្វើពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា។
លោកអភិបាលខេត្តក៏បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវត្រៀមដើមឈើប្រមាណជាង ១ ៥០០ដើម មានដូចជា ដើមគគីរ ឈើទាល ព្រោះដើមឈើទាំងអស់នេះដាំក្នុងវត្តពិតជាមានសោភណភាព បរិស្ថានបៃតងថែមទៀតផងនៅពេលខាងមុខ ហើយការដាំនេះនៅពេលមានភ្លៀងធ្លាក់ដើមឆ្នាំយើងនឹងធ្វើការដាំដុះកូនឈើទាំងនេះតែម្តង ។
បន្ទាប់មកលោកអភិបាលខេត្តក៏បានចូលថ្វាយបង្គំព្រះសង្ឃ និងប្រគេនបច្ច័យចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីឱ្យព្រះចៅអធិការវត្តយកទៅចាត់ចែងសង់សំណង់ដែលព្រះចៅអធិការមុននៅជំពាក់ជាង៕
ដោយ៖ចន្ទ លីហ្សា