ខេត្តបន្ទាយមានជ័យ៖ អគារកាស៊ីណូដែលបានឆាបឆេះនៅក្រុងប៉ោយប៉ែតនោះ នៅពេលក្រុមជាងកាត់ដែករុះរើត្រូវឆេះម្តងទៀតនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងក្រុងប៉ោយប៉ែត។
ក្រុមជាងបានប្រាប់ថា នៅពេលអគ្កិភ័យឆាបឆេះបន្ទប់អគារជាន់ទី៣របស់ក្រុមហ៊ុនកាស៊ីណូហ្ក្រែនអឹដាយមិនស៊ីធី គឺក្រុមជាងដែលរុះរើអគារកាស៊ីណូដែលភ្លើងឆេះនៅពេលដែលជាងបានផ្សារកាត់ដែកដើម្បីរុះរើអគារផ្នែកខាងជើងផ្លូវធ្វើឱ្យកម្ទេចដែកដែលកាត់ដោយម៉ាស៊ីនផ្សារបណ្តាលឱ្យឆាបឆេះឡើង ហើយភ្លាមៗក្រុមជាងបានយកបំពង់ពន្លត់អគ្គិភ័យនាំគ្នាបាញ់ពន្លត់បានរយៈពេលប្រមាណជិតកន្លះម៉ោងទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។
គួររំលឹកថា៖ កាលពីយប់ថ្ងៃទី២៨ដល់២៩ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះអគារកាស៊ីចំនួន៣អគារធ្វើឱ្យរងការខូចខាតអស់ទាំងស្រុង២អគាររបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី១អគារ និងក្រុមហ៊ុនប៉ោយប៉ែតរីសត១អគារ ត្រូវបានសង្គ្រោះអ្នកដែលជាប់គាំក្នុងអគារបានចំនួន៥៧នាក់និងរកឃើញអ្នកស្លាប់ដោយអគ្កិភ័យនេះមានចំនួន២៧នាក់ដែលភាគច្រើនជាជនជាតិថៃ និងរកឃើញទូដែកដាក់លុយប្រមាណជាង៥០ទូដែក។
ក្រោយអគ្កិភ័យឆាបឆេះអគារកាស៊ីណូក្រុងប៉ោយប៉ែតមានក្រុមសង្គ្រោះកម្ពុជានិងថៃរាប់រយនាក់បានជួយសង្គ្រោះនិងរុករកជនរងគ្រោះក្នុងអគារកាស៊ីណូដែលរុករកចាប់ពីថ្ងៃទី២៩ដល់៣០ ខែធ្នូ ឆ្នាំ២០២២ទើបបិទការរុករក ហើយក្រុមហ៊ុនកាស៊ីណូសហការជាមួយអាជ្ញាធរខេត្ត/ក្រុងបានជួយក្រុមហ៊ុនឯកជនដើម្បីរុះរើជំហានដំបូងស្ពានកាត់ផ្លូវចូលទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមាន២ស្ពានឆ្លងពីអគារកាស៊ីណូខាងត្បូងផ្លូវទៅអគារកាស៊ីខាងជើងផ្លូវ។
ក្រោយមានការរុះរើអគារកាស៊ីណូដែលត្រូវបានភ្លើងឆេះអស់ចំនួន២អគារខាងត្បូង និងខាងជើងផ្លូវដែលធ្វើការរុះរើវ៉ៃកម្ទេចចោលអស់រយៈពេលជិត១ខែនេះបានរួចរាល់ប្រមាណ៣០ភាគរយហើយដែលរុះរើចាប់ពីមាត់ផ្លូវសងខាងដោយមានកម្លាំងចម្រុះការពារជុំវិញអគារកាស៊ីណូដែលរកឃើញទូដែកដាក់លុយជាបន្តបន្ទាប់៕
ដោយ៖ វណ្ណា