ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវេទិកាសាធារណៈស្ដីអំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាឆ្នាំ២០២៣នៅព្រឹកថ្ងៃទី២៥ខែមករានេះជា មួយនឹងការវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយក្នុងឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចសកល ដូចជាប្រទេសធំ មានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនយឺតគួរឱ្យកត់សម្គាល់។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់ គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា។វេទិកានេះមានការចូលរួមពីអ្នកជំនាញសេដ្ឋកិច្ចធំៗពីគ្រប់ផ្នែក ក៏ដូចជាអ្នកជំនាញអន្តរជាតិ។
នៅក្នុងឱកាសនោះរបាយការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំ ចេញ រួមមាន វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ ដោយសារនិន្នាការល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយនិង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រ ទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់ ១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយសារការងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។
សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច៕
ដោយ៖ សូរិយា