ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំងបង្ហាញក្រុមក្មេងទំនើង៦នាក់ដែលធ្វើសកម្មភាពអុកឡុកនិងដេញកាប់ប្រជាពលរដ្ឋជិះម៉ូតូ តាមដងផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងទំនើង៦នាក់ដែលតែងតែធ្វើសកម្មភាពដេញវ៉ៃនិង ដេញកាប់បំផ្លាញម៉ូតូ និងកាប់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តធ្វើការចាប់ខ្លួនបានកាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

  លោកវរសេនីយ៍ឯក ពេជ្រ សុឃឿ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួននេះបានធ្វើសកម្មភាពដេញកាប់ដេញវាយប្រជាពលរដ្ឋតាមដងផ្លូវចំនួន៤ដង លើកទី១ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ក្រុមក្មេងទំនើងបានជិះម៉ូតូដេញកាប់ជនរងគ្រោះពេលកំពុងជិះម៉ូតូធ្វើឱ្យដាច់ស្លាកលេខម៉ូតូ ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅសួនសម្តេចចៅហ្វាវាំងគង់សំអុល ក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ រហូតដល់រងរបួស ដោយចោទជនរងគ្រោះធ្លាប់មានទំនាស់ជាមួយខ្លួន។ ដោយឡែកនៅថ្ងៃទី១៦ ខែមករា ក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពបន្តទៀតនៅចំណុចរង្វង់មូលឆ្នាំងស្ថិតនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក្នុងពេលដែលជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីភ្នំពេញ មកកំពង់ឆ្នាំង ដោយបានកាប់ជនរងគ្រោះរហូតរងរបួសធ្ងន់ផងដែរ ។ ដោយឡែកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រុមក្មេងទំនើងដដែលនេះបានធ្វើសកម្មភាពទៀតនៅចំណុចផ្ទះសំណាក់ផ្កាយព្រឹក នៅវេលាម៉ោង១២អធ្រាត្របានកាប់ជនរងគ្រោះត្រូវជាច្រើនកន្លែង រងរបួសដឹកយកទៅសង្រ្គោះទៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក ពេជ្រ រ៉ី ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកបានបានដឹកនាំកម្លាំងនគរបាលធ្វើការឃ្លាំមើលនិងស្រាវជ្រាវរហូតធ្វើការចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះបានតែម្តង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ឯក ពេជ្រ រ៉ី បានឱ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យគឺពួកគេតែងតែធ្វើសកម្មភាពបែបនេះស្ទើរតែរៀងរាល់ថ្ងៃ ភាគច្រើននៃសកម្មភាពរបស់ពួកគេទាំងនេះ គឺធ្វើឡើងនៅកន្លែងស្ងាត់ និងតំបន់សួនច្បារនិងរង្វង់មូល  ក្រោយពីធ្វើសកម្មភាពហើយក៏គេចចូលផ្ទះបាត់តែម្តង ។

ក្រោយធ្វើការចាប់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ និងដាវដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពផងដែរ។ ក្រុមក្មេងទំនើងទាំង៦នាក់នេះត្រូវបានសមត្ថកិច្ចកសាងសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ចន្ថា


ចែករំលែក៖