ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់និងប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាលាន់សូរដូចរន្ទះផ្អើលអ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣  លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមិនប្រកាន់ស្ដាំមានឈ្មោះ ផល សារិត   អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកហាងនីចាន់នីហ្សា រស់នៅភូមិ ស្វាយតឿ សង្កាត់ ស្វាយរៀង ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ពៀន ស្រីម៉ៅ ភេទ ស្រី អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិកហាងនីចាន់នីហ្សា និងឈ្មោះ តាំ សុផល ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ បុគ្គលិកហាងនីចាន់នីហ្សាអ្នកទាំង៣ រស់នៅភូមិ ស្វាយតឿ សង្កាត់ ស្វាយរៀង  ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E ៧៤៧៤ ខូចខាតទាំងស្រុង។

ចំណែកភាគីរងគ្រោះដែលស្លាប់ មិនត្រូវបានស្គាល់ឈ្មោះនៅឡើយដោយជិះម៉ូតូម៉ាកហុងដា Wave ពណ៌ ខ្មៅ គ្មានស្លាកលេខត្រូវបានសមត្ថកិច្ចលើកសពមករក្សាទុកបណ្ដោះអាសន្ននៅវត្តជម្ពូព្រឹក្សាដើម្បីរង់ចាំក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E ៧៤៧៤ ជិះគ្នា៣នាក់លើផ្លូវលេខ ៣១៤ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្ដាំក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា Wave ពណ៌ ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចមកអន្តាគមន៏ទាំងយប់។

ក្រោយមកអ្នករបួសទាំង៣នាក់ត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកសពសមត្ថកិច្ចលើកសពមករក្សាទុកបណ្ដោះអាសន្ននៅវត្តជម្ពូព្រឹក្សាដើម្បីរង់ចាំក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុថាន


ចែករំលែក៖