ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងបទល្មើសផលអនុផលព្រៃឈើប្រមាណជិត១០តោនត្រូវសមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះកើតឡើងកាលពីថ្ងៃទី២៤មករាឆ្នាំ២០២៣នៅចំណុចចុងភូមិថ្មដា ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ប្រភពបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅកន្លែងកើតហេតុនោះឈ្មោះ ទិត្យ វាសនា ហៅ ក្រេះ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពងក្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង។
ប្រភពបន្តទៀតថា ពាក់ព័ន្ធនឹងករណីចាប់បង្ក្រាបបទល្មើសផលអនុផលព្រៃឈើនេះត្រូវបានគេរាយការណ៍មកថាមានមេឈ្មួញ ឈ្មោះ ទិត្យ វាសនា ហៅ ក្រេះ ខាងលើនេះបានដើរប្រមូលទិញវល្លិរមៀត(អនុផលព្រៃឈើ)ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសៀមប៉ាង រួចជួលរថយន្តសាំយ៉ុងដឹកទៅកាន់ចំណុចចុងភូមិថ្មដា ហើយនិងបន្តដឹកតាមគោយន្តច្នៃឆ្ពោះទៅកាន់ច្រករបៀងព្រំដែនកម្ពុជា-ឡាវ តែក៏ត្រូវកម្លាំងសមត្ថកិច្ចចុះទៅដល់ធ្វើការបង្ក្រាបបានតែម្តង។
ក្រោយការបង្ក្រាប សមត្ថបកិច្ចបានធ្វើការរឹបអូសវត្ថុតាងបទល្មើសផលអនុផលព្រៃឈើ(វល្លិរមៀត)នោះចំនួន២០២ការុង មានទម្ងន់ ៩.៥៨៥គីឡូក្រាម និងឃាត់ខ្លូនមនុស្សបានម្នាក់បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ជីវ័ន្ត