ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជាមួយគ្នារហូតឈានដល់ស្រវឹងប្រើហិង្សាម្នាក់ដេកពេទ្យម្នាក់ជាប់ខ្នោះនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៣នេះថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សាវាយបុរសរងគ្រោះម្នាក់ដែលផឹកស៊ីជាមួយគ្នាបណ្ដាលអោយរងរបួសក្បាលធ្ងន់ធ្ងរដោយសារមានទំនាស់ពាក្យសម្តីនឹងគ្នា។

     សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ននៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។

     ជនសង្ស័យមានឈ្មោះ តឹក ហ៊ន  អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះមានឈ្មោះ  ក្រូច វ៉ាត (ហៅយ៉ោះ) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំ ជាមួយគ្នា បណ្ដាលឱ្យរងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅសង្រ្គោះព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

    ប្រភពបន្តថា សមត្ថកិច្ចប៉ុស្តីនគរបាលរដ្ឋបាលកំពង់ត្រាចបានទទួលពត៍មានពីលោកអនុប្រធានភូមិតាខុបថា កាលពីថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់នៅចំណុចភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបង្កដោយជនសង្ស័យបានយកដំថ្មវាយទៅលើជនរងគ្រោះ។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយកម្លាំងប៉ុស្តីនគរបាលរដ្ឋបាលកំពង់ត្រាច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនិងបាននាំខ្លួនជនសង្ស័យឈ្មោះតឹក ហ៊ន មកធ្វើការសួរនាំដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មវាយទៅលើឈ្មោះ  ក្រូច វ៉ាត  ត្រូវចំក្បាលបណ្ដាលឱ្យរងរបួសហូរឈាមពិតប្រាកដមែនដោយសារមានទំនាស់ពាក្យសម្តីគ្នាក្នុងពេលផឹកស៊ី ។

     បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក សមត្ថកិច្ចក៍បានរាយការណ៍សុំយោបល់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួនជនសង្ស័យយកមកចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖