ភ្នំពេញ ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត តេងឡាយមួយគ្រឿងបានបេីកបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងដែលកំពុងឈប់ភ្លើងស្តុបអូសជាប់ក្រោមកង់រថយន្តជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានរមៀលខ្លួនចេញពីកង់រថយន្តរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែ មករា ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ត្រង់ចំណុចភ្លើងស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
បេីតាមសម្ដីជនរងគ្រោះជាម្ចាស់ម៉ូតូបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខរដ្ឋ 13 1-9510 ធ្វើដំណើរតាមវិថីចោមចៅ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលេីក៏បានឈប់ភ្លើងស្តុបរង់ចាំភ្លើងខៀវដេីម្បីបត់ឆ្វេងទៅផ្លូវទួលពង្រ ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួតតេងឡាយ ក្បាលពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3C-1374បើកដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីក្រោយបុកម៉ូតូគាត់អូសជាប់ក្រោមរថយន្តជាច្រើនម៉ែត្ររងការខូចខាត តែសំណាងល្អរូបគាត់បានរមៀលខ្លួនចេញពីរថយន្តរងរបួសស្រាល។
ក្រោយកេីតហេតុ តៃកុងរថយន្តបង្កដឹងថាកិនម៉ូតូហើយក៏ភ័យ ឈប់រថយន្តរត់គេចខ្លូនបាត់ ទុករថយន្តចោលនៅកន្លែងកេីតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ និងបានទាក់ទងបន្តទៅជំនាញចរាចរណ៍ខណ្ឌមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ