ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១១៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,១៩៧គ្រឿង ម៉ូតូចំនួន ៣៥៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៦១គ្រឿង មានម៉ូតូចំនួន ៣៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៧ថ្ងៃ(ថ្ងៃទី០១-២៧ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ២៧.៩៦១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦.៧៤៨គ្រឿង ម៉ូតូមានចំនួន ៥.៦៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៧ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ