ខេត្តកោះកុង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរស០៣នាក់ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន និងរក្សាទុកអនុផលព្រៃឈើវល្លិ៍រមៀតទម្ងន់ ៥០៥គីឡូក្រាម នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយគ្មានច្បាប់អនុញ្ញាត។
បុរសឈ្មោះ ហ៊ាង ហាក់មុន្នី ម្ចាស់ទទួលខុសត្រូវលើការដឹកជញ្ចូនចំណិតវល្លិ៍រមៀតស្ងួតទម្ងន់៤៥៥គីឡូក្រាម គ្មានច្បាប់អនុញ្ញាតតាមរយៈរថយន្តចំនួន១គ្រឿង ម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កោះកុង 2C-6579។
ក្រោយស្ដាប់ចម្លើយរួចមកដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងលោកឃុន ភឿនព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រុមមន្ត្រីមានសមត្ថកិច្ចបានបន្តចុះឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ សុខ វី ភេទប្រុស អាយុ ៤២ឆ្នាំ និងឈ្មោះ ប៉ាក ញ៉ាន ភេទ ប្រុស អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ទន្ទឹមនោះក៏បន្តរកឃើញបន្ថែម នូវចំណិតវល្លិ៍រមៀតស្ងួតទម្ងន់ ៥០ គីឡូក្រាម និងវល្លិ៍រមៀតស្រស់ចំនួន ១២ បាច់។
បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ ក៏បន្តបញ្ជូនសំណុំរឿងចោទប្រកាន់ជនទាំង៣នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីអនុវត្តតាមនីតិវិធី។
ក្រសួងបរិស្ថានចាត់ទុកថា ការកែច្នៃវល្លិ៍រមៀតគឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិត្រង់មាត្រា៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ និងច្បាប់ស្តីពីព្រៃឈើត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី ១។ ព្រោះវល្លិ៍រមៀត គេយល់ថា សារធាតុម៉្យាងអាចកែច្នៃធ្វើជាគ្រឿងញៀនដែលច្បាប់ហាមឃាត់៕
ដោយ៖ សូរិយា