ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលអង្ករ ៣០០តោនជាអំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបន្ដជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនចំនួន៣០០តោន ត្រូវបាននាំយកមកប្រគល់ជូនលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកផាន់ ចាន់ធុល តំណាងឱ្យអ្នកឧកញ៉ា ទ្រី ភាព និងលោកលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកកញ៉ា និងលោកស្រីអ្នកឧកញ៉ា ដែលបាននាំយកអង្ករចំនួន៣០០តោនដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានីភ្នំពេញ។ កាយវិការដ៏ប្រពៃនេះនឹងត្រូវបានចងចាំទុកដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញផងដែរ៕

ដោយ៖ សំរិត


ចែករំលែក៖