ខេត្តស្ទឹងត្រែង ៖ ជនជាតិដើមព្នងមកពីភូមិចំនួន១២រស់នៅតាមបណ្តាខេត្ត ដូចជាខេត្តក្រចេះ, រតនគិរី និងស្ទឹងត្រែងបាននាំគ្នាធ្វើពីធី សែនព្រេនដើម្បីសុំសេចក្តីសុខចម្រើនពីម្ចាស់ទឹកម្ចាស់ដីទៅតាមទំនៀមទម្លាប់ប្រពៃណី និងកាប់ក្របីផឹកស្រាបង្ហាញពីការអភិរក្សប្រពៃណី សម្រាប់ឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិតាមផងដែរ ។
ពិធីសែនព្រេននេះធ្វើឡើងនៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៣។
លោក សេត កាល អាយុ៧៥ឆ្នាំ ជាចាស់ទុំមេកន្ទ្រាញជនជាតិព្នង បានបញ្ជាក់ថាៈ កូនចៅជំនាន់ក្រោយជាអ្នកបន្តវេន រក្សានូវប្រពៃណីនេះ ព្រោះជនជាតិព្នង ពេលបានធ្វើពិធីសែនព្រេនហើយម្តងៗទៅធ្វើស្រែចម្ការច្បារដំណាំ តែងទទួលបានភោគផលល្អច្រើន ហើយសត្វចង្រៃមិនស៊ីបំផ្លាញផលដំណាំឡើយ។
លោកបន្តថា៖ ជាងនេះទៀតការរស់នៅរបស់កូនចៅនៅក្នុងភូមិក៏ទទួលបានសេចក្តីសប្បាយសុខចម្រើនគ្រប់ៗគ្នាដែរ សត្វពាហនៈមិនកើតជំងឺឆ្លង ទើបចាស់ទុំនាំគ្នាដឹកនាំធ្វើពិធីនេះឡើងជារៀងរាល់ឆ្នាំ ។
លោកជ្រោយ ញ៉ុង តំណាងបងប្អូនជនជាតិទាំងអស់នៅក្នុងកម្មវិធីសែនព្រេននោះដែរបានបញ្ជាក់ថា៖ នេះជាការគោរពតាមចាស់ទុំតៗគ្នាមក ព្រោះយល់ឃើញថាប្រពៃណីមួយនេះមិនអាចលុបបំបាត់ចោលបានទេ ទោះបីថាសម្លៀកបំពាក់សម្ភារប្រើប្រាស់មួយចំនួនត្រូវបាត់បង់ទៅហើយក្ក្តី តែប្រពៃណីសែនព្រេនមិនបោះបង់ចោលឡើយ ។
លោកថា បានជោគជ័យទាំងអស់គ្នានិងឱ្យកូនចៅទៅរៀនទៅសូត្រឱ្យចេះ តម្រិះវិជ្ជាដូចគេដូចឯងផង ព្រោះពួកគាត់ជាជនជាតិដើមភាគតិចព្នង ធ្វើហ្នឹងមិនអាចធ្វើម្នាក់ឯងបានទេ ត្រូវមានចាស់ព្រឹទ្ធាចារ្យមានស្រីមានប្រុសទាំងអស់គ្នា ហើយធ្វើពិធីនេះកាប់ក្របី ហើយមានកម្មវិធីវាយឃ្មោះទៀត និងកម្មវិធីរបស់ជនជាតិដើមភាគតិចព្នងវប្បធម៌ប្រពៃណី។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានទទួលស្គាល់ថា៖ការរៀបចំរបស់បងប្អូនជនជាតិព្នងពេលនេះពិតជាបានបង្ហាញឱ្យឃើញពីការសាមគ្គីភាពមួយនៅក្នុងឃុំរបស់យើង ព្រោះថាអាជ្ញាធរ ឃុំ ស្រុក តែងតែចង់ឱ្យ ប្រជាពលរដ្ឋយើងទទួលបានសិទ្ធិរស់នៅ និងមានភាពរីកចម្រើនគ្រប់យ៉ាងផងដែរ។
លោកបន្តថា៖ ពិធីនេះអាជ្ញាធរធ្វើការគាំទ្រ និងចូលរួមជាមួយបងប្អូនជនជាតិដើម ជាថវិកា៥០ម៉ឺនរៀល ដើម្បីលើកទឹកចិត្តដល់បងប្អូនជនជាតិយើងឱ្យកាន់តែមានភាពសប្បាយរីករាយស្ថិតនៅក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថាៈ បងប្អូនជនជាតិព្នង អភិរក្សប្រពៃណីនេះតាំងពីដូនតារៀងមក ដូចជាពិធីសែនព្រេនចំពោះម្ចាស់ទឹកម្ចាស់ដី បួងសួងសុំសេចក្តីសុខ – ពិធីសែនអ្នកតាភ្នំសុំជួយការពារដំណាំដាំដុះចៀសផុតពីសត្វចង្រៃស៊ីបំផ្លាញ -ពិធីសែនប្រយុងស្រែសុំឱ្យបារមីព្រៃព្រឹក្សាជួយឱ្យបានភោគផលច្រើន -ពិធីសែនស្រូវឡើងជង្រុកទុកដាក់ឱ្យបានគង់វង្ស – ពិធីសែនព្រេនបុណ្យកម្សាន្តភូមិនៅមុនរដូវចូលឆ្នាំនេះជាដើម៕
ដោយ ៖ ជីវ័ន្ត